ក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋទាំងអស់ ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមរកទីទួលសុវត្ថិភាព និងស្បៀងអាហារ ដើម្បីការពារពេលមានទឹកជំនន់ជន់លិច

20-កញ្ជា-2024 - ម៉ោង 10:28:AM

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យប្រជាពលរដ្ឋ ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ នាពេលខាងមុខ។

យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គនៅព្រះរាជាណាចក្រកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហើយនឹងហូរចូល តាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងកំឡុងសប្តាហ៍ខាងមុខ អាចនឹងបង្កឱ្យ មាននូវទឹកជំនន់ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុ ជីវិតប្រជាជន។

ដូច្នេះ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះធម្មជាតិ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំ និងប្រកាន់ខ្ជាប់នូវវិធានការដូចខាងក្រោម៖

១- មុនពេលទឹកជំនន់៖ ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែង ដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ឱ្យខ្ពស់ ដើម្បីការពារទឹកជំនន់។

២- អំឡុងពេលមានទឹកជំនន់៖មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់។
មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្រ្តីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត លោកអ្នកបំផុតត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងត្រូវរៀបចំផ្ដល់អាហារដល់ ពួកគេឱ្យបានត្រឹមត្រូវ និងមានអនាម័យត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក ឬមនុស្សចាស់នៅជិតខាង និងផ្ដល់ការគាំទ្រដល់ សមាជិកគ្រួសារ ឬកុមារពិការភាព ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលពួកគាត់កំពុងប្រើប្រាស់ ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។

ជាមួយគ្នានេះ ពេលធ្វើដំណើរតាមទូក មិនត្រូវដាក់មនុស្សហួសកម្រិត។ នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូត នៅពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាព ដើម្បីការពារពេលមានការលិចលង់៕

ពត័មានពេញនិយម