រដ្ឋធានីហាណូយ៖ អាជ្ញាធរវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា បានចាប់ផ្ដើមជម្លៀសមនុស្សរាប់រយនាក់ ហើយបិទសាលារៀនជាច្រើនកន្លែង និង ផ្អាកជើងហើរជាបណ្ដោះអាសន្ន ព្រោះព្យុះត្រូពិក វាយប្រហារទៅលើតំបន់ភាគកណ្ដាលរបស់ប្រទេសកុម្មុយនិស្ដអាស៊ានមួយនេះ។ នេះបើតាមសារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។
ភ្លៀងនឹងធ្លាក់ខ្លាំង គ្របដណ្តប់នៅតាមបណ្ដាខេត្តជាច្រើនរបស់វៀតណាម នៅជាប់មាត់សមុទ្រ ចាប់ពីខេត្តហាទីញ (Ha Tinh) រហូតដល់ខេត្តក្វាងទ្រី (Quang Tri) បន្ទាប់ពីព្យុះត្រូពិកស៊ូលីក (Soulik) បានបោកបក់ខ្លាំង កាលពីរសៀល ថ្ងៃព្រហស្បតិ៍។ រីឯក្រុមមន្ត្រីវៀតណាម បានត្រៀមខ្លួន សម្រាប់គ្រោះទឹកជំនន់ អាចនឹងកើតមាន នៅក្នុងខេត្តចំនួន១០។
បើតាមសារព័ត៌មានរបស់វៀតណាម Saigon News បានរាយការណ៍ ថា អាជ្ញាធរវៀតណាម បានជម្លៀសប្រជាជនជាង៥០០នាក់ ចេញពីស្រុកមិញហ័រ (Minh Hoa) ព្រោះតែមានការព្រួយបារម្ភពីការរអិលបាក់ដី។
អាជ្ញាធរ បានបញ្ជាក់ ថា ប្រទេសវៀតណាម ទើបនឹងឆ្លងផុតពីព្យុះទីហ្វុងដ៏ខ្លាំងយ៉ាហ្គី (Yagi) ហើយផលវិបាករបស់វា បើគិតត្រឹមល្ងាច ថ្ងៃពុធ បានបណ្តាលឱ្យមនុស្សស្លាប់ ចំនួន២៩៩នាក់ និង ៣៤នាក់កំពុងតែបន្ដបាត់ខ្លួន។ ឥទ្ធិពលរបស់ព្យុះទីហ្វុងយ៉ាហ្គី បានបង្កបំផ្លិចបំផ្លាញដោយសារទឹកជំនន់ និង ការរអិលបាក់ដី ហើយត្រូវបានគេប៉ាន់ប្រមាណ ថា ខូចខាតអស់រហូតដល់២,៥ពាន់លានដុល្លារអាមេរិក ជាមួយនឹងដំណាំ ចំនួន ៣១២ 000 ហិកតា រងការបំផ្លិចបំផ្លាញ៕