កម្ពុជា-ចិនពិភាក្សាគ្នា និងដាក់ចេញនូវអនុសាសន៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិន មកកម្ពុជា

20-កញ្ជា-2024 - ម៉ោង 10:09:AM

កម្ពុជា-ចិន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាទេសចរណ៍កម្ពុជា-ចិន ២០២៤ ដែលបានធ្វើឡើងនៅខេត្តសៀមរាប ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖ បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍”។


ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វេទិកានាថ្ងៃនេះ គឺជាការជួបជុំដ៏សំខាន់មួយ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ពិសេសវិស័យឯកជនកម្ពុជា និងចិន រួមជាមួយអន្តរវិស័យពាក់ព័ន្ធ ដើម្បីរួមគ្នាពិភាក្សាអំពីបញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ព្រឹត្តិការណ៍នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ដែលក្រសួងទេសចរណ៍ បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគាំទ្រដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដែលត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
ការរៀបចំវេទិកានេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន និង បណ្តារដ្ឋបាលខេត្ត-ក្រុងនានារបស់ប្រទេសចិន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និង ភាពជាក់ស្តែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ទន្ទឹមនឹងនេះ ឯកឧត្តមរំពឹងថា តាមរយៈការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» និងវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ នាពេលនេះ យើងនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ ជាអាទិភាពយ៉ាងសំខាន់នូវប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ លោក Chen Cong ទីប្រឹក្សានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការពិភាក្សាគ្នា នៅក្នុងវេទិការទេសចរណ៍កម្ពុជា-ចិន នាពេលនេះ និងរកឃើញមធ្យោបាយកាន់ច្រើន ក៏ដូចជាការស្រាវជ្រាវរកយន្តការជាកញ្ចប់សម្រាប់លើកទឹកចិត្តឱ្យភ្ញៀវទេសចរចិន មកកម្សាន្តនៅកម្ពុជា។ ភាគីចិននឹងផ្សព្វផ្សាយ ជំរុញឱ្យក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ចិនបន្ថែមជើងហោះហើរ រវាងប្រទេសទាំងពីរឱ្យច្រើនបន្ថែមទៀត ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕

ពត័មានពេញនិយម