មេដឹកនាំអាស៊ានចាត់ទុកសម្ដេចតេជោ ជារដ្ឋបុរសដ៏មានបទពិសោធន៍ និង​ឥទ្ធិពល​នៅ​អាស៊ី​អាគ្នេយ៍

10 ម៉ោងមុន

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ត្រូវបានមេដឹកនាំអាស៊ានផ្ដល់តម្លៃខ្ពស់បំផុត និងចាត់ទុក​សម្ដេចតេជោ​ជា​រដ្ឋបុរស​ដ៏​មានបទពិសោធន៍ និងឥទ្ធិពលនៅអាស៊ីអាគ្នេយ៍។

 

តាមរយៈកិច្ចសម្ភាសន៍ជាមួយ កាលពីម្សិលមិញ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា ដំណើរ​ទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ របស់សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​ដែល​មាន​អត្ថន័យ​ដ៏​ធំ​ធេង​មហិមាសម្រាប់កម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាល និងតាមរយៈ​ពាក្យ​ពេចន៍​របស់​មេដឹក​នាំ​នៃ​ប្រទេស​ម្ចាស់​ផ្ទះ​ទាំងពីរ ក៏ដូចជាគ្រឿងឥស្សរិយយស​ខ្ពស់​បំផុត​ដែល​សម្តេច​ទទួល​បាន​ពី​ទីម័រ​ឡេស្ដេ ​សបញ្ជាក់យ៉ាងច្បាស់ថា វីរភាពសម្តេចតេជោ ហ៊ុន សែន ត្រូវបានគោរព និ​ង​ឱ្យ​តម្លៃ​មិន​ត្រឹម​តែក​ម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែសុសសាយទៅដល់លើឆាកតំបន់ និងអន្តរជាតិថែមទៀត។

 

ដំណើរ​ទស្សនកិច្ចរបស់សម្ដេចតេជោ នៅឥណ្ឌូនេស៊ី និងទីម័រឡេស្ដេ ក្រៅពីការ​ទទួល​បដិសណ្ឋារ​កិច្ច​ប្រកប​ដោយកិត្តិយសចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធមក្រៃលែងនោះ ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី និងទីម័រឡេស្ដេ បានហៅសម្តេច ហ៊ុន សែនថា ជារដ្ឋបុរស​ដ៏​មាន​បទ​ពិសោធ​នៅ​អាស៊ី​អាគ្នេយ៍ និងជាមិត្តិជិត្តស្និទ្ធដ៏អស្ចារ្យរបស់ពួកគេផងដែរ។ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភា​ឥណ្ឌូនេស៊ី​ក៏​បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារដ្ឋបុរស​ដ៏​មាន​ឥទ្ធិពល និងបាន​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​វីរភាព​របស់​សម្តេច​ក្នុង​បុព្វ​ហេតុ​ជា​តិ​មាតុ​ភូមិ​ដែល​បាន​ទាញ​កម្ពុជាពីភាពកំសត់ ទុគ៌តដ៏គួរឱ្យអាណិតអាសូរ មកជាប្រទេសដែលមានមុខមាត់ ទំនើប​ជឿនលៀន លើឆាកតំបន់ និងអន្តរជាតិ។

 

សូមបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅឥណ្ឌូណេស៊ី និង​ទីម័រ​ឡេស្ដេ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ កេរ្តិ៍ឈ្មោះ និងឥទ្ធិពល​របស់​សម្តេច​តេជោ មិនត្រឹមតែទទួលបានការផ្តល់តម្លៃពីសំណាក់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្ដែ​បាន​បង្ហាញ​យ៉ាង​ច្បាស់នៅក្នុងតំបន់និងក្នុងពិភពលោក តាមរយៈកា​រ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​របស់​សម្តេច​ក្នុងការកសាងសន្តិភាពសម្រាប់មនុស្សជាតិនៅលើភពផែនដី។ ស្នាដៃ និង​គុណ​តម្លៃ​របស់​សម្តេចតេជោ ដែលជាធនធានមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ ពិត​ជា​ស័ក្តិ​សម​ណាស់​ក្នុង​ការ​ទទួលបាននូវមហាកិត្តិយសដែលផ្តល់ជូនដោយប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំក្នុងតំបន់ និង​ពិភពលោក។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋបុរសដ៏ឆ្នើម គឺ​សម្ដេចតេជោ ដែលបាននឹងកំពុងរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ៕

ពត័មានពេញនិយម