ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃទិវាកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” និងប្រមូលថវិការបស់សប្បុរសជន សម្រាប់ចូលរួមការងារសប្បុរសធម៌ និងជួយជនរងគ្រោះ ។
ក្នុងពិធីអបអរសាទរទិវានៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍ថា សម្រាប់មូលនិធិដែលចូលជាមួយកាកបាទក្រហមកម្ពុជា គឺអាចបំពេញជាជំនួយការឲ្យអាជ្ញាធរសាធារណៈនូវវិស័យមនុស្សធម៌បានយ៉ាងសាកសម និងជាបន្តបន្ទាប់ អាចរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
លោកជំទាវបណ្ឌិតបន្តថា ក្រោយវិបត្តិជំងឺកូវីដ-១៩ គឺនាពេលបច្ចុប្បន្ននេះពិភពលោកទាំងមូល កំពុងជួបបញ្ហាការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែសកម្មភាពនៃការចូលរួមជាមួយកាកបាទក្រហម ក្នុងការងារមនុស្សធម៌នៅតែបន្តមាន ដូចនេះសូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសចូលរួមជួយជនរងគ្រោះ និងអ្នកមានជីវភាពខ្វះខាត ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា កាលពីឆ្នាំ២០២៤កន្លងទៅ មូលនិធិកាកបាទក្រហមកម្ពុជា បានសម្រេចសមិទ្ធផលសំខាន់ៗដូចជា ការជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួនជាង ១ពាន់គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និង ៤ ៥០០គ្រួសារ នៅខេត្តឧត្តរមានជ័យ ។
លោកជំទាវ បានបន្តថា ក្នុងឆ្នាំដដែលនេះ បានឧបត្ថម្ភថវិកាដល់កងកម្លាំងឈរជើងការពារតាមបន្ទាត់ព្រំដែន ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រួសារមានជំងឺរ៉ាំរ៉ៃ ។ ការជួយសម្រាលជីវភាពប្រជានុរាស្ត្ររងគ្រោះ និងងាយរងគ្រោះបំផុតដោយផ្ទាល់ ជិត៦ម៉ឺនគ្រួសារ, បានជួយកសាង និងជួសជុលផ្ទះ, សង់បង្គន់អនាម័យតាមផ្ទះ និងសាលារៀន, អណ្ដូងទឹក, ប្រព័ន្ធចម្រោះទឹកស្អាត និងកន្លែងលាងដៃ, បានផ្ដល់មូលនិធិ ១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងផ្ដល់ថវិកា ៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរសៀមរាបជាដើម ។
គួរបញ្ជាក់ថា មកដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សប្បុរសជនបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជាបានចំនួនជាង ១២លានដុល្លារ ក្នុងឱកាសខួប១៦២ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕