រថយន្ដមួយគ្រឿង បើកបុកអ្នកជិះម៉ូតូ ស្លាប់-របួសចំនួន៣នាក់

16 ម៉ោងមុន

រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ដយ៉ាងលឿន ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿង បណ្ដាលឲ្យយុវជនម្នាក់ បាត់បង់អាយុជីវិតយ៉ាងអាណោចអាធ័មមួយរំពេច ខណៈ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ កាលពីវេលាម៉ោង១២ និង ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ដសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មានយុវជន៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពង់ស្ពី 1O-6571 ឌុបគ្នាតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នាជាមួយរថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BL-5920 បើកបរក្នុងល្បឿនលឿន។ លុះពេលរថយន្ដនេះបានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុ ខណៈ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់។ រីឯរថយន្ដ និង ម៉ូតូ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ វាស់វែង និង ដកហូតយានយន្ដទាំង២គ្រឿង យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពរបស់ជនរងគ្រោះទៅក្រុមគ្រួសារ និង សាច់ញាតិ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក អ្នករងរបួសទាំង២នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ៕

ពត័មានពេញនិយម