រាជធានីភ្នំពេញ៖ ស្រ្ដីជនជាតិវៀតណាមម្នាក់ បានចេញសែកគ្មានប្រាក់ ឬសែកស្អុយ មានចំនួនរាប់សិបលានដុល្លារ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំឃាំង និង បន្ដចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌមួយនេះតាមនីតិវិធី។
បើតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង ថា សំណុំរឿងព្រហ្មទណ្ឌនេះ មានជនត្រូវចោទឈ្មោះ គង់ វិរសិង្ហ ហៅ ហ៊ួញ គីមហាវ ភេទស្រី អាយុ៤៧ឆ្នាំ មានមុខរបរនៅមុនឃាត់ខ្លួន ជាប្រធានធនាគារ M.G.N Emperor Bang មានទីលំនៅផ្ទះលេខ E2 បុរីទន្លេបាសាក់ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង មានអាសយដ្ឋានមួយកន្លែងទៀត នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនត្រូវចោទត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងឃុំខ្លួន នៅពន្ធនាគារម២ព្រៃ.ស ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ហើយបទល្មើសដែលមានបទប្បញ្ញត្តិ និងផ្តន្ទាទោស តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិការទូទាត់ប្រាក់ ។ ជនត្រូវចោទ បានរងនូវបណ្តឹងចោទប្រកាន់ ចំនួន២ករណីដាច់ដោយឡែកពីគ្នា ព្រោះតែជនរងគ្រោះ សុទ្ធតែជាជនស្លូតត្រង់ បានចាញ់នូវការឆបោក ពីប្រធានធនាគារឯកជនម្នាក់នេះ ដែលមានជំនាញខាងឆបោក រហូតធ្វើឲ្យជនរងគ្រោះ ខាតបង់ប្រាក់ អស់រាប់សិបលានដុល្លារអាមេរិក។
ប្រភពដដែល បានបន្ដថា កាលពីអំឡុងឆ្នាំ២០១៦ ស្ត្រីប្រធានធនាគារជាជនជាតិវៀតណាម្នាក់នេះ បានមកបើកធនាគារឯកជនមួយ ឈ្មោះ« M.G.N Emperor Bang» នៅរាជធានីភ្នំពេញ។ បន្ទាប់មក ជនជនជាតិវៀតណាមម្នាក់នេះ បានដើរកៀរគរប្រមែប្រមូលអតិថិជនជាច្រើន ឲ្យដាក់ទុកវិនិយោគ ដើម្បីទទួលបាននូវការប្រាក់ ហើយសកម្មភាពដំបូង អាចធ្វើឲ្យអតិថិជនជឿទុកចិត្តបាន ទើបជនរងគ្រោះម្នាក់ៗ បានយកប្រាក់រាប់សិបលានដុល្លារ ទៅដាក់នៅក្នុងធនាគារមួយនេះ។ បន្ទាប់មកនាយិកាធនាគារជាជនជាតិវៀតណាមម្នាក់នេះ បានចេញមូលប្បទានបត្រ ឬសែក ឲ្យទៅជនរងគ្រោះតាមទឹកប្រាក់រៀងៗខ្លួន សម្រាប់តម្រូវការបើកប្រាក់របស់ខ្លួនវិញ។ លុះពេលជនរងគ្រោះយកសែកទៅដកប្រាក់ បែរជាធនាគារបញ្ជាក់ថា មូលប្បទានបត្រនេះគ្មានប្រាក់ ទើបពួកគាត់ដឹង ថា នេះជាសែកស្អុយ។ អង្គហេតុដូចបានរៀបរាប់ខាងលើ ទើបជនរងគ្រោះបានស្នើសុំការចរចា ជាមួយប្រធានធនាគារនោះជាច្រើនលើកច្រើនសា ប៉ុន្តែនាយិកាធនាគារ បានគេចវេះ មិនព្រមជួបដោះស្រាយ ជាមួយនឹងជនរងគ្រោះ ទើបជនរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅស្នើសុំអន្ដរាគមន៍ពីសមត្ថកិច្ច ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។
ជាមួយគ្នានេះដែរ ជនរងគ្រោះទាំងអស់ សង្ឃឹមថា តុលាការនឹងជួយរកយុត្ដិធម៌ដល់ពួកគាត់ ហើយលើកយកសំណុំរឿងព្រហ្មទណ្ឌមួយនេះ មកបើកសវនាការជាសាធារណៈ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្តន្ទាទោសដល់ជនជាប់ចោទ ដែលបានចេញសែកស្អុយរាប់សិបលានដុលារអាមេរិក៕