សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាចំណាយពេលជាង៣០ឆ្នាំ ក្នុងការកសាងសន្តិភាព តែបែរជាត្រូវគេរិះគន់ថា និយាយតែពីសន្តិភាព និងបំភិតបំភ័យតែពីសង្គ្រាម

10-ឧសភា-2025 - ម៉ោង 12:22:PM


ទីម័រឡេស្តេ៖ សម្ដេចអគ្គមហាសេនាបតីតេជោ សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា ដើម្បីទទួលបានសន្តិភាពពេញលេញ កម្ពុជាបានចំណាយពេលបញ្ចប់សង្គ្រាមជាង៣០ឆ្នាំ ប៉ុន្តែបែរជាត្រូវរងពាក្យរិះគន់ថា និយាយតែពីសន្តិភាព និងលើកពីសង្គ្រាមមកនិយាយបំភិតបំភ័យ។ 

សម្ដេចតេជោលើកឡើងបែបបនេះ នៅក្នុងឱកាសថ្លែងបាឋកថា ក្រោមប្រធានបទ "មេរៀនរបស់ ហ៊ុន សែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព" នៅវិមានប្រធានាធិបតីទីម័រឡេស្តេ។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមានសន្តិភាពទើបជាង២៧ឆ្នាំប៉ុណ្ណោះ តែវាជាសន្តិភាពដែលមានរយៈពេលវែង នៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែការខិតខំរបស់កម្ពុជា បែរជាត្រូវទទួលរងពាក្យរិះគន់ថា និយាយតែពីសន្តិភាព និងបំភិតបំភ័យតែពីសង្គ្រាម។ 

អ្វីដែលគួរឱ្យសោកស្ដាយជាងនេះទៅទៀតនោះ គឺយុវជនមួយចំនួន បានបំភ្លេចគុណនិងតម្លៃរបស់សន្តិភាពជាបណ្ដើរៗ រហូតដល់មានយុវជនខ្លះ ចង់ផ្លាស់ប្ដូររដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក្ដី។ 

សម្ដេចតេជោ ហ៊ុន សែន បន្តថា និន្នាការខាងលើនេះ ជានិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលសហគមន៍អន្តរជាតិទាំងមូល ត្រូវចូលរួមបង្ការ ថ្កោលទោស និងទប់ស្កាត់នូវមនោគមន៍វិជ្ជាជ្រុលនិយមបែបនេះ។ 

សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា ដើម្បីថែរក្សាសន្តិភាពបាន យើងត្រូវខិកតខំអប់រំប្រជាពលរដ្ឋ អំពីគុណតម្លៃនៃសន្តិភាព ព្រោះបើគ្មានសន្តិភាពយើងមិននិយាយពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានទេ។ 

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សន្តិភាពមិនអាចឋិតថេរបានយូរអង្វែងទេ បើគ្មានការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ យុត្តិធម៌ក្នុងសង្គម និងការវិវត្តប្រកបដោយចីរភាព និងបរិយាបន្ន៕

ពត័មានពេញនិយម