ខេត្តព្រះសីហនុ៖ ក្មេងពាលចំនួន២ក្រុម មានរហស្សនាម «SK1» និង «YS» បានបើកឆាកប្រយុទ្ធសងសឹកគ្នាទៅវិញទៅមក រហូតបង្កឲ្យមានអ្នករងរបួសធ្ងន់ ក៏ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្មេងទំនើងជាបន្ដបន្ទាប់ ចំនួន១២នាក់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ហើយបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់។
មន្រ្ដីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹង ថា កាលពីវេលាម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ មានអំពើហិង្សាមានស្ថានទម្ងន់ទោស ចំនួន១ករណី បានកើតឡើង នៅមុខកន្លែងលក់ផ្កា ត្រង់ចំណុចចុះចំណោតលោកយាយម៉ៅ ស្ថិតក្នុងក្រុមទី១៣ ភូមិទី៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អំពើហិង្សាវាយប្រហារសងសឹកគ្នាទៅវិញទៅមកនេះ បានបង្កឡើង ដោយក្រុមក្មេងទំនើងចំនួន២ក្រុម រួមមាន៖ ក្រុមក្មេងទំនើង YS និង ក្រុម SK1 ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និង ស្រាវជ្រាវស្វែងតាមចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធ។
មន្រ្ដីនគរបាលខេត្តព្រះសីហនុ បានបន្ដ ថា បើតាមការពិនិត្យមើលលើកាមេរ៉ាសុវត្ថិភាព ដែលបានថតជាប់ អំពីសកម្មភាពរបស់ក្មេងទំនើងទាំង២ក្រុមនេះ គឺពួកគេបានធ្វើសកម្មភាពដំបូង នៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ សកម្មភាពហិង្សានេះ បានផ្ដើមឡើង ដោយក្រុមក្មេងទំនើង SK1 បានជិះម៉ូតូទៅដើរលេង នៅម្តុំឃ្លាំងលើ ហើយបានជួបជាមួយក្មេងទំនើងមួយក្រុមទៀត មានរហស្សនាម YS ក៏ឌឺដងពាក្យសម្ដីដាក់គ្នាទៅវិញទៅមក។ ភ្លាមៗនោះ ក្រុម YS បានជិះម៉ូតូដេញវាយក្រុម SK1 និង បានដកយកកូនសោម៉ូតូមួយគ្រឿងរបស់ក្រុម SK1 នៅវេលាម៉ោង៧យប់ នាថ្ងៃដដែលនោះ ទើបធ្វើឲ្យក្រុម SK1 ខឹងសម្បា ក៏កេណ្ឌគ្នាជាច្រើននាក់ ជិះម៉ូតូដើរតាមក្រុម YS ដើម្បីវាយប្រហារសងសឹក ហើយបានស្ទាក់វាយបក្ខពួករបស់ក្រុម YS នៅម្តុំភូមិថ្មី ខណៈគេកំពុងតែជិះម៉ូតូតែម្នាក់ឯង ធ្វើឲ្យគេភ័យ រត់ចោលម៉ូតូ។
ប្រភពដដែល បានបន្ថែម ថា បន្ទាប់មក ក្រុម YS បានហៅគ្នា មកតាមសងសឹកទៅលើក្រុម SK1 វិញ ហើយបានប្រទះឃើញបក្ខពួករបស់ក្រុមនេះ ចំនួន២នាក់ រួមមាន៖ ឈ្មោះ ម៉េត លាភសំណាង ហៅ លាភ និង ឈ្មោះ នុន ប៊ុនថៃ ហៅ ថៃ ខណៈកំពុងតែជិះម៉ូតូទៅផ្ទះ ទើបក្រុម YS នាំគ្នាជិះម៉ូតូដេញកាប់ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។ ក្រុមទាំង២នេះ ធ្លាប់មានគំនុំគុំកួនជាមួយគ្នា កាលពី៣ខែមុន ហើយធ្លាប់ប្រើប្រាស់ហិង្សាដាក់គ្នាទៅវិញទៅមក។ ក្រុមក្មេងទំនើងទាំង២ក្រុមនេះ ជួនកាល ធ្លាប់បង្កជម្លោះជាមួយគ្នា ចំនួន២ទៅ៣ដងក្នុងមួយថ្ងៃក៏មានដែរ។ ក្រុមក្មេងទំនើង SK1 មានបក្ខពួក ប្រហែល២០នាក់ តែឥឡូវសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួករបស់ពួកគេ ចំនួន៦នាក់ និង បានឃាត់ខ្លួនបក្ខពួករបស់ក្រុម YS ចំនួន៦នាក់ ហើយបន្ដតាមឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធដែលកំពុងតែរត់គេចខ្លួនបន្ថែមទៀត។
ក្រោយពេលឃាត់ខ្លួនរួចហើយ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនក្មេងទំនើងទាំង១២នាក់នេះ ទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕