ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្ដបោះពួយយ៉ាងលឿន ស្រាប់តែរេចង្កូតខុសផ្លូវ ហោះចូលក្នុងព្រៃ ក្រឡាប់ផ្ងារជើងទ្រមេឃ ធ្វើឲ្យអ្នកនៅក្នុងរថយន្ដភ័យព្រលឹងចុងសក់ កាលពីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅម្ដុំម៉ុងខ្មោច ជិតភ្នំស្រង់ តាមផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់ បានបើករថយន្ដយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៤១។ លុះពេលជនបរទេសម្នាក់នេះ បានបើករថយន្ដមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្ដបានរេចង្កូតខុសផ្លូវ ហោះចូលក្នុងព្រៃនៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើងឡើងលើ។ ប៉ុន្ដែករណីនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សនោះឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ចាត់ការតាមនីតិវិធី៕