ខេត្តព្រះសីហនុ៖ រថយន្ដដឹកប្រេងឥន្ធនៈមួយគ្រឿង បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ហើយបានបន្ដឆាបរាលដាល់ដល់ផ្ទះរបស់អ្នកភូមិ ចំនួន២ខ្នង បណ្ដាលឲ្យកូនប្រុសស្រីចំនួន៣នាក់របស់ជនរងគ្រោះបាត់បង់ជីវិត កាលពីវេលាម៉ោង១១ និង ៤០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ មានយុវជនម្នាក់ បានបង្ហូរសាំង ចេញពីរថយន្ដដឹកប្រេងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-2820 របស់ក្រុមហ៊ុន CLEAN ENERGlES (CE) ដាក់ចូលប៊ីដុងប្រេង ចំនួន២ប៊ីដុង រួចហើយបានលើកយកទៅទុក នៅក្នុងផ្ទះរបស់ម្ចាស់ផ្ទះដែលជាអ្នកលក់សាំង។ បន្ទាប់មកយុវជនម្នាក់នោះ ក៏បានបន្ដបង្ហូរសាំងបន្ថែមទៀត ខណៈនោះម្ដាយរបស់គេ កំពុងតែអាំងងាវនៅមុខផ្ទះ ប៉ុន្ដែសាំងទើបតែហូរចូលបានកន្លះប៊ីដុង ស្រាប់តែភ្លើងបានឆាបឆេះទៅលើរថយន្ដរថយន្តដឹកប្រេងនោះយ៉ាងសន្ធោសន្ធៅ ហើយបានបន្ដរាលដាលដល់ផ្ទះចំនួន២ខ្នង ដែលនៅជិតនោះ បណ្ដាលឲ្យយុវជនប្រុសស្រីចំនួន៣នាក់ជាកូនម្ចាស់ផ្ទះលក់សាំង បាត់បង់ជីវិត។
ប្រភពពីការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីគ្រោះអគ្គិភ័យបែបនេះភ្លាម សមត្ថកិច្ចជំនាញ បានបញ្ចេញរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយបាញ់ទឹកពន្ធត់។ នៅក្នុងអន្ដរាគមន៍នេះ សមត្ថកិច្ចបានប្រើប្រាស់ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំនួន២គ្រឿង ដោយបានបាញ់ទឹកអស់៣រថយន្ត ស្មើនឹង១២ ម៉ែត្រគុប និង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន២គ្រឿង ប្រើទឹកអស់២រថយន្ត ស្មើនឹង៨ម៉ែត្រគុប។
ប្រភពដដែល បានបន្ដ ថា គ្រោះអគ្គិភ័យនេះ បានសម្លាប់មនុស្សចំនួន៣នាក់ ហើយវាបានបំផ្លិចបំផ្លាញរថយន្ដដឹកប្រេងចំនួនមួយគ្រឿង ផ្ទះចំនួន២ខ្នង ម៉ូតូចំនួន៥គ្រឿង និង បំផ្លាញទ្រព្យសម្បត្ដិអស់ចំនួន៥ម៉ឺនដុល្លារអាមេរិក។ ផ្ទះរងគ្រោះទាំង២ខ្នងនេះដែលត្រូវភ្លើងឆេះនោះ រួមមាន៖ ១-ផ្ទះសង់អំពីឈើ ដំបូលប្រក់សង្ក័សី មានទទឹងប្រវែង៤ម៉ែត្រ និង បណ្ដោយ៦ម៉ែត្រ ត្រូវខូចខាតទាំងស្រុង ហើយមានម្ចាស់ ឈ្មោះ អ៊ុត ភាព ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ និង ២-ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទទឹងទំហំ៧ម៉ែត្រ និង បណ្ដោយ១៥ម៉ែត្រ ត្រូវភ្លើងឆេះខូចខាតអស់ទាំងស្រុង ដោយមានប្ដីជាម្ចាស់ផ្ទះ ឈ្មោះ មន ភក្ដី ភេទប្រុស អាយុ៤០ឆ្នាំ និង ប្រពន្ធឈ្មោះ បាត ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុ។
ប្រភពដដែល បានបន្ដ ថា ក្រៅពីបំផ្លិចបំផ្លាញរថយន្ដដឹកប្រេងឥន្ធនៈចំនួន១គ្រឿង, ផ្ទះចំនួន២ខ្នង, ម៉ូតូចំនួន៥គ្រឿង និងទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារនោះ គ្រោះអគ្គិភ័យនេះ បានសម្លាប់កូនប្រុសស្រីរបស់ម្ចាស់ផ្ទះទី២ ចំនួន៣នាក់ រួមមាន៖ ១-ឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ ភក្ដី រីតា ភេទស្រី អាយុ១៥ឆ្នាំ និង ៣-ឈ្មោះ ភក្ដី សំមេន ភេទប្រុស អាយុ១៣ឆ្នាំ។ រីឯប្រពន្ធរបស់ម្ចាស់ផ្ទះទី២ ឈ្មោះ បាត ស្រីមុំ អាយុ៣៥ឆ្នាំ បានរងរបួសស្រាល៕