ចោរមួយក្រុម ឆក់កាបូបអ្នកលក់ម្ហូបអាហារ ទាំងព្រឹក

5 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ត្រីអ្នកលក់ម្ហូបម្នាក់ កំពុងតែជិះម៉ូតូដឹកកូនប្រុសរបស់គាត់ ត្រឡប់ទៅផ្ទះវិញ ស្រាប់តែចោរមួយក្រុម បានជិះម៉ូតូមកដល់ បានឆក់កាបូបយកទៅបាត់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមស្ត្រីរងគ្រោះ ឈ្មោះ គ្រី ដាណា អាយុ៤៧ឆ្នាំ មុខរបរលក់ម្ហូប មានទីលំនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានឲ្យដឹង ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ចេញពីផ្ទះទៅទិញអីវ៉ាន់ នៅផ្សារជម្ពូវ័ន ដើម្បីយកមកធ្វើម្ហូបលក់នៅផ្ទះ។ បន្ទាប់ពីអីវ៉ាន់បានហើយ គាត់បានជិះម៉ូតូឌុបកូន ត្រឡប់ទៅផ្ទះវិញ ដោយបានធ្វើដំណើរតាមមហាវិថីស៊ី ជីនពីង ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលគាត់បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានចោរ ជិះមកឆក់កាបូបរបស់គាត់ ដោយមានលុយនៅក្នុងនោះជាង១០ម៉ឺនរៀល និង ទូរស័ព្ទមួយគ្រឿង ម៉ាក OPPO ដោយមានភ្ជាប់កុងធនាគារដែលមានទឹកប្រាក់ជាង២០០ដុល្លារ ព្រមទាំងឯកសារមួយចំនួនទៀតផងដែរ។ ភ្លាមៗនោះ គាត់បានស្រែកថា ចោរៗ តែគ្មានអ្នកណាម្នាក់ជួយនោះទេ។

​ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីស្នើសុំដល់សមត្ថកិច្ច ជួយអន្ដរាគមន៍តាមចាប់ខ្លួនចោរ នាំមកផ្ដន្ទាទោសតាមច្បាប់៕

 

ពត័មានពេញនិយម