រាជធានីភ្នំពេញ៖ បុរសមួយក្រុម បាននាំគ្នាចូលផឹកស៊ីលេងសើចសប្បាយជាមួយគ្នា នៅក្នុងហាងខារ៉ាអូខេ លុះដល់ពេលគិតលុយ បែរជាលួចរត់ចោលគ្នា ទុកឲ្យបុរស២នាក់ នៅឡេឡឺ ទាំងគ្មានលុយឲ្យគេ រហូតផ្អើលដល់សមត្ថកិច្ច ចុះទៅធ្វើអន្ដរាគមន៍ កាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងហាង KTV 7777 តាមផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសចំនួន៥នាក់ បាននាំគ្នាចូលផឹកស៊ី នៅក្នុងហាងខារ៉ាអូខេ KTV 7777 យ៉ាងសប្បាយបែបហ៊ឺហា របៀបអ្នកមានលុយចាយមិនអស់។ លុះមកដល់វេលាកើតហេតុ បុគ្គលិកក្នុងហាង បានគិតលុយអស់ ចំនួន១៣៦ដុល្លារ ស្រាប់តែបុរស៣នាក់ បានគេចខ្លួនរត់បាត់ ដោយទុកឲ្យបុរស២នាក់ ជាអ្នកចេញលុយ។ ប៉ុន្ដែដោយសារពួកគេអត់មានលុយគ្រប់ចំនួន ទើបម្ចាស់ហាងឃាត់ទុក មិនឲ្យពួកគេចេញទៅណា រួចហើយបានស្នើសុំអន្ដរាគមន៍ពីសមត្ថកិច្ច។
បើតាមលោក តុន តូនី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានឲ្យដឹង ថា រឿងរ៉ាវនេះ បានកើតឡើង ដោយសារតែបុរស៥នាក់ បានចូលផឹកស៊ី នៅក្នុងហាង KTV 7777 ។ លុះដល់ពេលគិតលុយ បែរបុរស៣នាក់នៅក្នុងចំណោមពួកគេ បានរត់បាត់ ដោយទុកឲ្យបុរសពីរនាក់ នៅក្នុងKTV នេះ ជាអ្នកចេញលុយ។ ប៉ុន្ដែដោយសារតែពួកគេទាំង២នាក់ មិនមានលុយគ្រប់គ្រាន់ ទើបម្ចាស់ហាងឃាត់ទុក ហើយសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មានបែបនេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានចុះទៅសម្របសម្រួល ដល់ភាគីទាំង២។
ក្រោយពេលមានការសម្របសម្រួលពីសមត្ថកិច្ចមូលដ្ឋានរួចមក បុរសទាំង២នាក់ បានស្នើសុំប្រគល់លុយចំនួន៣០ម៉ឺនរៀលទៅឲ្យម្ចាស់ហាង KTV នេះ។ ជាចុងក្រោយ ដោយសារម្ចាងហាង មិនចង់មានរឿងវែងឆ្ងាយបន្ដទៅទៀត ទើបយល់ព្រមទទួលយកប្រាក់ទាំងនេះ ដើម្បីបញ្ចប់រឿង៕