តើប្រទេសណានៅតំបន់អាស៊ាន មានតម្រូវការមាសច្រើនជាងគេ?

15 ម៉ោងមុន

 

រាជធានីបាងកក៖ មាសមិនត្រឹមតែគ្រាន់តែជាគ្រឿងលម្អរាងកាយប៉ុណ្ណោះទេ តែវាជារូបិយប័ណ្ណដ៏រឹងមាំ សម្រាប់ការបោះពុម្ពលុយចាយ នៅលើតាមប្រទេសនីមួយៗ នៅលើពិភពលោកផងដែរ ប៉ុន្ដែសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហៅកាត់«អាស៊ាន» គឺប្រទេសថៃ មានតម្រូវការមាសច្រើនជាងគេ។

បើតាមក្រុមប្រឹក្សាមាសពិភពលោក បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួន ថា ប្រទេសថៃ មានតម្រូវការមាស កើនឡើង រហូតដល់១៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទីមួយ។ នេះជាកំណើនតម្រូវការមាសដ៏ច្រើនបំផុត នៅក្នុងចំណោមប្រទេសចំនួន៥ ត្រូវបានស្រាវជ្រាវរកឃើញ នៅតំបន់អាស៊ាននេះ។

ប្រភពដដែល បានបន្ដ ថា ប្រទេសថៃ មានតម្រូវការមាសសម្រាប់អ្នកប្រើប្រាស់ រហូតដល់៩,១តោន ខណៈសិង្ហបុរី, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ត្រូវបានឃើញមានកំណើន ចាប់ពី៥ទៅ៨ភាគរយ។ ប៉ុន្ដែតម្រូវការមាស នៅវៀតណាម បានធ្លាក់ចុះចំនួន១៥ភាគរយ។ សម្រាប់ដុំមាស និងកាក់ នៅប្រទេសថៃ មានតម្រូវការកើនឡើងចំនួន២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់៧,៤តោន។ នេះជាសញ្ញាបង្ហាញ អំពីទំនោរកើនឡើងខ្លាំងរបស់វិនិយោគិនក្នុងស្រុក នៅក្នុងការទិញទ្រព្យសម្បត្តិ ប្រកបដោយសុវត្ថិភាព ចំពេលមានភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល។

លោកស្រី លូអ៊ីស ស្ទ្រីត (Louise Street) អ្នកវិភាគទីផ្សារជាន់ខ្ពស់ នៃក្រុមប្រឹក្សាមាសពិភពលោក បានបញ្ជាក់ ថា៖«តម្រូវការមាសកើនឡើង បានចាប់ផ្ដើមនៅឆ្នាំ២០២៥ ព្រោះតែទីផ្សារពិភពលោក មានការរង្គោះរង្គើ ដោយសារតែភាពចលាចលលើសង្គ្រាមពាណិជ្ជកម្ម ក្រោយការប្រកាសពីគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលមិនអាចទាយទុកបានជាមុន ហើយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និង ការវិលត្រឡប់នៃការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ច។ បញ្ហាទាំងនេះ បានបង្កើតបរិយាកាសមិនច្បាស់លាស់ សម្រាប់វិនិយោគិន។ នៅក្នុងបរិបទបែបនេះ តម្រូវការវិនិយោគលើមាស អាចនាំឲ្យមានតម្រូវការឡើងដល់កម្រិតខ្ពស់បំផុត នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ បើគិតចាប់តាំងពីឆ្នាំ២០១៦រហូតមក

បើតាមក្រុមប្រឹក្សាមាសពិភពលោក បានឲ្យដឹងទៀត ថា តម្រូវការមាសសកល បានកើនឡើងដល់ ១ ២០៦តោន នៅត្រីមាសទី១ នៃឆ្នាំ២០២៥ ដោយកើនឡើង១ភាគរយ បើធៀបនឹងឆ្នាំមុន។ តម្លៃមាសបានកើនឡើងលើស ពី ៣000ដុល្លារអាមេរិក ក្នុងមួយអោនស៍។ រីឯនៅកម្ពុជា តម្លៃមាស១តម្លឹង ថ្លៃជិត៤០០០ដុល្លារអាមេរិក៕

ពត័មានពេញនិយម