ខេត្តឧត្ដរមានជ័យ៖ យុវជន៣នាក់បានរងការចោទប្រកាន់ពីនារីរងគ្រោះម្នាក់ ពីករណីចាប់នាងរំលោភសេពសន្ថវៈ ហើយត្រូវបានសមត្ថកិច្ចអាវុធហត្ថ តាមស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនពួកគេទាំង៣នាក់ នាំមកចាត់ការតាមច្បាប់។
ប្រភពពីសមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹង ថា កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ មានសេចក្ដីរាយការណ៍ អំពីករណីចាប់រំលោភលើនារីម្នាក់ទើបនឹងមានអាយុ១៧ឆ្នាំចំនួន១ករណី។ ជនសង័្សយចំនួន៣នាក់ បានចាប់នារីរងគ្រោះម្នាក់ រំលោភសេពសន្ថវៈ នៅក្នុងបន្ទប់ជួលមួយកន្លែង តាមផ្លូវលេខ១៣ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីជនសង័្សយទាំង៣នាក់ បានចាប់រំលោភសេពសន្ថវៈរួចហើយ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង ស្នើសុំអន្ដរាគមន៍ពីសមត្ថកិច្ចអាវុធហត្ថ។
ប្រភពដដែល បានបន្ដ ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក សមត្ថកិច្ច នៃទីស្នាក់ការសន្តិសុខអាវុធហត្ថអូរស្មាច់ ក៏បានចុះទៅស្រាវជ្រាវ និង ឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅកន្លែងស្នាក់នៅរបស់ពួកគេ ស្ថិតក្នុងក្រុមហ៊ុនសួនសត្វចិន ដែលមានទីតាំងនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនសង័្សយដែលបានរងការចោទប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈទាំងនោះ រួមមាន៖ ១-ឈ្មោះយី វិសា ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរជាសន្តិសុខរបស់ក្រុមហ៊ុនសួនសត្វចិន និង មានស្រុកកំណើត នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង, ២-ឈ្មោះ ទូច មុន្នី ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរជាសន្តិសុខរបស់ក្រុមហ៊ុនចិន និង មានស្រុកកំណើតនៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ហើយទី៣-ឈ្មោះ វុន សុឈឿន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាសន្តិសុខរបស់ក្រុមសួនសត្វចិន និង ស្រុកកំណើតភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ រីឯនារីរងគ្រោះ ឈ្មោះ ក.ស អាយុ១៧ឆ្នាំ មានមុខរបរជាបុគ្គលិកលក់ផ្លែឈើឲ្យក្រុមហ៊ុនចិនរីសតអូរស្មាច់ មានទីតាំងនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំង៣នាក់ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ដើម្បីសាកសួរ និង ចាត់ការតាមច្បាប់៕