ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី និងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ប្រកបដោយភាពជោគជ័យ និងត្រចះត្រចង់។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ រយៈពេលជិតមួយសប្ដាហ៍ប្រកបដោយផ្លែផ្កាយ៉ាងត្រចះត្រង់ នៅរសៀលថ្ងៃទី៩ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ។
គួររម្លឹកជូនថា នៅក្នុងដំណើរទស្សនកិច្ចការជាងមួយសប្ដាហ៍នេះ សម្ដេចតេជោបានជួបពិភាក្សាការងារជាមួយបបណ្ដាថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសឥណ្ឌូណេស៊ី និងថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ។ ដោយនៅប្រទេសឥណ្ឌូណេស៊ីសម្ដេចតេជោបានជួបជាមួយលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, លោក ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធានព្រឹទ្ធសភា និងលោកស្រី ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។
ចំណែកនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេវិញ សម្ដេចតេជោបានជួបពិភាក្សាជាមួយលោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, លោក កៃ ប៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្ត និងលោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។
ចំពោះជំនួបធំៗនៅក្នុងដំណើរទស្សនកិច្ចនេះ គឺផ្ដោតទៅការងារការទូត វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកំពុងជះផលប៉ះពាល់ដល់បណ្ដាប្រទេសក្នុងអាស៊ាន។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន បានធ្វើបាឋកថាចំនួន២សំខាន់ៗ ក្នុងនោះបាឋកថាទី១ គឺក្រោមប្រធានបទ "កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប២៦ឆ្នាំនៃការចូលជាសមាជិក អាស៊ានរបស់កម្ពុជា។ បាឋកថាទី២ គឺក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ដែលធ្វើឡើងនៅសាលាសិក្សាអំពីរដ្ឋាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government)។
ដោយឡែក ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋទីម័រឡេស្ដេ សម្ដេចតេជោបានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និងផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី។
សូមរម្លឹកជូនដែរថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្ដេចតេជោក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេជាង២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្តេចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន លោកប្រធានាធិបតីទីម័រឡេស្តេ បានបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុតជូនសម្ដេចតេជោ។
អ្វីដែលពិសេសទៀតនោះ ពិធីបដិសណ្ឋារកិច្ចចំពោះវត្តមានសម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ត្រូវបានលោកប្រធានាធិបតីទីម័រឡេស្តេ រៀបចំឡើងយ៉ាងឱឡារិក ដោយលោកបានបើករថយន្តជូនដំណើរសម្ដេចតេជោដោយផ្ទាល់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ នីកូឡៅ លូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារដែលសម្ដេចតេជោស្នាកក់នៅ។
សូមបញ្ជាក់ជូនដែរថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅពេលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាក្នុងការលើកកម្ពស់ការទូតសភានៃកម្ពុជា សំដៅដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា ទាំងក្នុងក្រប ខ័ណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅដែលនឹងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕