រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការវិលត្រឡប់ មកគ្រប់គ្រងសេតវិមានជាលើកទី២ ចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្ដិជាបន្ដបន្ទាប់ និង ធ្វើឲ្យពិភពលោកជ្រួលច្របល់ អំពីការដំឡើងពន្ធនាំចូលខ្ពស់បំផុត មិនធ្លាប់មាន តែព័ត៌មានចុងក្រោយនេះ លោកប្រធានាធិបតី បានសម្រេចផ្អាក រយៈពេល៩០ថ្ងៃ ដើម្បីផ្ដល់ឱកាសដល់ប្រទេសនានា នៅលើពិភពលោក ចូលមកសម្របសម្រួល ប៉ុន្ដែលើកលែងតែប្រទេសចិន ដោយបានដំឡើងពន្ធ កាន់តែខ្ពស់ឡើងបន្ថែមទៀត ប្រឆាំងនឹងប្រទេសមហាយក្សអាស៊ីមួយនេះ។
ទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ថា លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសផ្អាកនូវការដំឡើងពន្ធ រយៈពេល៩០ថ្ងៃ ទៅលើបណ្ដាប្រទេសផ្សេងៗ នៅលើពិភពលោក ប៉ុន្ដែសង្គ្រាមពាណិជ្ជកម្មជាមួយចិន នៅតែបន្ដតានតឹងកាន់តែខ្លាំង។
ការប្រែប្រួលគោលនយោបាយយ៉ាងខ្លាំង បានកើតឡើង ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីការយកពន្ធប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ប្រហែល៦០ប្រទេស បានចាប់ផ្ដើមឡើង។ ប៉ុន្ដែឥឡូវ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ ថា គាត់តែកំពុងតែផ្តល់សិទ្ធិជាសកលនូវការបញ្ចុះពន្ធ ចំនួន១០ ខណៈការចរចានៅតែបន្ត។
ស្របពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធលើទំនិញ នាំចេញពីប្រទេសចិន កើនឡើង រហូតដល់១២៥ភាគរយ ដោយបានចោទប្រកាន់ដល់រដ្ឋាភិបាលក្រុងប៉េកាំង ថា៖«ខ្វះការគោរព» បន្ទាប់ពីចិនបានសងសឹក ដោយនិយាយ ថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងដាក់ពន្ធ ៨៤ភាគរយ លើការនាំចូលរបស់សហរដ្ឋអាមេរិក។ សកម្មភាពបែបនេះ បានកើតឡើង ត្រឹមតែរយៈពេលមួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពន្ធនាំចូលលើទំនិញទាំងអស់ ដែលចូលមកលើទឹកដីរបស់សហរដ្ឋអាមេរិក នៅក្នុងការជ្រួលច្របល់ដ៏ធំបំផុត សម្រាប់ពាណិជ្ជកម្មអន្តរជាតិ នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ផែនការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកំណត់ពន្ធជាមូលដ្ឋាន ចំនួន១០ភាគរយលើការនាំចូលទាំងអស់ នៅតែបន្ដ ប៉ុន្តែក៏មានអត្រាខ្ពស់លើដៃគូពាណិជ្ជកម្ម តាមអ្វីដែលសេតវិមាន បានពិពណ៌នា ថា នេះជា«អ្នកល្មើសដ៏អាក្រក់បំផុត»សម្រាប់អ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកថា ជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ សកម្មភាពទាំងនេះ រាប់បញ្ចូលទាំងប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ចំនួន២៧ប្រទេស វៀតណាម អាហ្រ្វិកខាងត្បូង និង ប្រទេសជាច្រើនទៀត។ ប្រទេសទាំងអស់នេះ នឹងត្រូវតែទទួលបាននូវការបញ្ចប់ពន្ធ ពីសហរដ្ឋអាមេរិក ចាប់ពី១១រហូតដល់ជាង១00ភាគរយ៕