ក្នុងឱកាសនាំយកនូវអង្ករចំនួន ១តោន មកជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដើម្បីចូលរួមកិច្ចគាំពារដល់មន្រ្តីមានជីវភាពខ្វះខាត លោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងជាប្រធាន អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បានសំដែងនូវការអរគុណដល់ក្រសួងព័ត៌មាន ដែលបានគាំទ្រដល់សកម្មភាព និងកិច្ចការងាររបស់ មូលនិធិសប្បុរសធម៌ វ័នរ៉ូដ ក្នុងរយៈពេលជាង ១ឆ្នាំលន្លងមកនេះ ហើយបន្តកិច្ចសហការល្អបន្ថែមទៀតសម្រាប់សកម្មភាពសប្បុរសធម៍ និងកិច្ចការងារសង្គម ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងសហការី
ទាំងអស់នៃមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានចូលរួមជាមួយក្រសួងព័ត៌មាន ធ្វើសកម្មភាពការងាររយៈពេលមួយឆ្នាំកន្លងមកនេះ ដោយពិនិត្យឃើញថាប្រជាជន ជាពិសេសកុមារា កុមារី មានការសប្បាយរីករាយ ដែលបានអំណោយជាសម្ភារៈផ្សេងៗផ្តល់ដោយមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ។
តាមរយៈកិច្ចសហការល្អរវាង ក្រសួងព័ត៌មាន និង មូលនិធិសប្បុរសធម៌ វ័នរ៉ូដ បានធ្វើការចែកអំណោយជាស្បៀងអាហារ និងសម្ភារៈសិក្សាដល់កូនៗមន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងឱកាសនៃការប្រារព្ធ ទិវាកុមារអន្តរជាតិ ១មិថុនា និងចែកជូនដល់សិស្សានុសិស្សនៅទីជនបទក្នុងខេត្តក្រចេះផងដែរ ។
ទន្ទឹមជាមួយនេះ មូលនិធិសប្បុរសធម៌ វ័នរ៉ូដ ក៏បានផ្តល់នូវអង្ករ សម្រាប់ចូលរួមកិច្ចគាំពារដល់មន្រ្តីក្រសួងព័ត៌មានដែលមានជីវភាពខ្វះខាត និងចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅមូលដ្ឋានខេត្តក្រចេះថែមទៀតផង ៕