មន្ទីរបញ្ចកោណ ចោទប្រកាន់ដល់ចិន កំពុងគំរាមកំហែងដល់សន្ដិសុខអាមេរិក

11-មេសា-2025 - ម៉ោង 08:38:AM

រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ជម្លោះពាណិជ្ជកម្ម រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង កំពុងតែឡើងកម្ដៅកាន់តែខ្លាំអ ជុំវិញការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើទំនិញនាំចូលមកពីប្រទេសចិន រហូតដល់១២៥ភាគយ ហើយឥឡូវ ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានអះអាង អំពីក្រុងវ៉ាស៊ីនតោន មិនចង់បង្កើតសង្គ្រាម ជាមួយនឹងប្រទេសមហាយក្សអាស៊ីមួយនេះឡើយ។

សារព័ត៌មានរបស់ប្រទេសម៉ូរ៉ុកកូ (Morocco) Hespress បាន ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ថា លោក រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ផេត ហេគសេត (Pete Hegseth) បានព្រមាន ខណៈកំពុងតែបំពេញទស្សនកិច្ច នៅប្រទេសប៉ាណាម៉ា កាលពីថ្ងៃពុធ (ទី៩ ខែមេសា) ថា សហរដ្ឋអាមេរិក មិនស្វែងរកការបង្កើតសង្គ្រាម ជាមួយនឹងប្រទេសចិននោះទេ ប៉ុន្ដែសហរដ្ឋអាមេរិក នឹងតាមដានរាល់ការគំរាមកំហែងរបស់ចិន មកលើទ្វីបអាមេរិក។

ប្រមុខមន្ទីរបញ្ចកោណរូបនេះ បានបញ្ជាក់ ថា៖«យើងមិនបង្កើតសង្គ្រាមជាមួយនឹងប្រទេសចិន…ប៉ុន្ដែយើងរួមគ្នា ត្រូវតែរារាំងដ៏ខ្លាំងក្លា ប្រឆាំងនឹងសង្គ្រាម និង មានភាពក្លាហាន ទប់ទល់រាល់ការគំរាមកំហែងរបស់ចិន មកលើអាមេរិក។

ការធ្វើអត្ថាធិប្បាយរបស់រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានកើតឡើង នៅក្នុងដំណើរបំពេញទស្សនកិច្ច នាថ្ងៃទី២ នៅប្រទេសប៉ាណាម៉ា ជាកន្លែងដែលព្រែកជីកប៉ាណាម៉ា កំពុងតែក្លាយជាដើមចម នៃជម្លោះដ៏ធំ រវាងសហរដ្ឋអាមេរិក និង ប្រទេសចិន។

ស្របគ្នានេះដែរ សារព័ត៌មានរបស់ប្រទេសប៉ាគីស្ថាន The Frontier Post ក៏បានផ្សាយផងដែរ ថា ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានធ្វើអត្ថាធិប្បាយ នៅក្នុងសុន្ទរកថា ទៅកាន់សន្និសិទសន្តិសុខក្នុងតំបន់ បន្ទាប់ពីគាត់បានទៅទស្សនាព្រែកជីកប៉ាណាម៉ា ដែលបានសាងសង់ដោយសហរដ្ឋអាមេរិក ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានគំរាមរឹបអូសយកព្រែកជីកនេះ មកគ្រប់គ្រងវិញ តាមអ្វីដែលគាត់ហៅថា «ឥទ្ធិពលហួសហេតុរបស់ចិន» គ្របដណ្ដប់មកលើផ្លូវទឹកដ៏សំខាន់របស់ពិភពលោកមួយនេះ។

សហរដ្ឋអាមេរិក បានចោទប្រកាន់ ថា ចិនជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និង តំបន់ទាំងមូល ព្រោះក្រុមហ៊ុនហុងកុង ធ្វើប្រតិបត្តិការកំពង់ផែនេះ នៅចុងទាំងពីរ នៃព្រែកជីកប៉ាណាម៉ា ដែលតភ្ជាប់ រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។ តាមរយៈព្រែកជីកនេះ មានទំនិញចំនួន៥ភាគរយ នៅក្នុងចំណោមទំនិញដឹកជញ្ជូនតាមផ្លូវទឹក នៅទូទាំងពិភពលោក។

ក្រុមហ៊ុនកំពង់ផែប៉ាណាម៉ា កាលពីថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ បានច្រានចោលនូវកាធ្វើសវនកម្ម ដោយបានបញ្ជាក់ ថា ក្រុមហ៊ុនមិនទទួលបានការបង់ប្រាក់ រហូតដល់១,២ពាន់លានដុល្លារ នៅក្នុងអំឡុងការធ្វើសម្បទានរបស់ខ្លួន។

ក្រោយការវិលត្រឡប់មកគ្រប់គ្រងសេតវិមានជាថ្មី ចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ រហូតមក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធទៅលើប្រទេសនានា នៅលើពិភពលោក។ ប៉ុន្ដែកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា លោកប្រធានាធិបតី បានប្រកាសផ្អាកយកពន្ធ រយៈពេល៩០ថ្ងៃ សម្រាប់ទុកពេលឲ្យមានការចរចាឡើងវិញ។ បើទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែដំឡើងពន្ធ ១២៥ភាគរយលើទំនិញរបស់ប្រទេសចិន នាំចូលសហរដ្ឋអាមេរិក។

ជាការឆ្លើយតបនឹងក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋការរបស់លោកប្រធានាធិបត ត្រាំ នោះ ចិន បានដំឡើងពន្ធលើទំនិញសហរដ្ឋអាមេរិក រហូតដល់៨៤ភាគរយ។ កាលពីឆ្នាំ២០២៤ ចិន បាននាំទំនិញរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ រហូតដល់៤៤០ពាន់លានដុល្លារ ខណៈសហរដ្ឋអាមេរិក បាននាំទំនិញរបស់ខ្លួន ទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់ ១៤៥ពាន់លានដុល្លារ។ បច្ចុប្បន្ន សង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង ចិន កំពុងតែតានតឹងយ៉ាងខ្លាំង។ ប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោកទាំង២នេះ កំពុងតែប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ទាំងភូមិសាស្រ្ដនយោបាយ យោធា និង សេដ្ឋកិច្ច៕

ពត័មានពេញនិយម