ស្រ្ដីទម្លាក់យោង២នាក់ បន្លំលក់ខ្សែកកាឡៃ មកអស់លក្ខណ៍ជាមួយសន្ដិសុខ

11-មេសា-2025 - ម៉ោង 09:42:AM

រាជធានីភ្នំពេញ៖ ស្រ្ដី២នាក់ តែងតែធ្វើសកម្មភាព ដើរទម្លាក់យោង ហើយមកអស់លក្ខណ៍ជាមួយនឹងក្រុមសន្ដិសុខមន្ទីរពេទ្យ ក៏ក្របួចកជាប់ កាលពីវេលាម៉ោងប្រហែល១១ និង២០ នាទីព្រឹក ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ នៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅ«មន្ទីរពេទ្យរុស្ស៊ី» ស្ថិតក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលឃាត់ខ្លួន មានស្រ្ដី២នាក់ បានណាត់ជនរងគ្រោះ មកជួបគ្នានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លុះពេលពួកគាត់បានជួបគ្នាហើយ ជនសង័្សយប្រាប់ជនរងគ្រោះ ថា ពួកគាត់បានរើសបានកាបូបតូចមួយ ហើយក្នុងនោះមានខ្សែកមាសចំនួន១ខ្សែ។ បន្ទាប់មក ស្រ្ដីសង្ស័យទាំង២នាក់ បានលួងលោមជនរងគ្រោះ ទៅរកកន្លែងស្ងាត់ ហើយយកខ្សែកកាឡៃនោះ មកលក់ឲ្យជនរងគ្រោះ នៅក្នុងតម្លៃធូរថ្លៃ។ ប៉ុន្ដែស្របពេលជនរងគ្រោះ រៀបនឹងយកលុយទិញខ្សែកនោះ ក៏មានសន្តិសុខយាម នៅក្នុងមន្ទីរពេទ្យ បានមកសួរនាំ ទើបបែកការដឹង ថា ស្ត្រីទាំង២នាក់នេះ ជាមុខសញ្ញា តែងតែមកធ្វើសកម្មភាពឆបោក ក្រោមរូបភាពទម្លាក់យោងញឹកញាប់ នៅតាមមន្ទីរពេទ្យ និង កន្លែងផ្សេងៗទៀត។ ភ្លាមៗនោះ សន្តិសុខមន្ទីរពេទ្យ បានចាប់ខ្លួនជនសង័្សយទាំង២នាក់ ប្រគល់ឲ្យសមត្ថកិច្ច។

មន្រ្ដីនគរបាលសង្កាត់ទំនប់ទឹក បានឲ្យដឹង ថា ជនសង័្សទាំង២នាក់ រួមមាន៖ ១-ឈ្មោះ សោម ស្រីពៅ អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង ២-ឈ្មោះ ហៀង មុំ អាយុ ៤៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រីឯជនរងគ្រោះឈ្មោះ ទ ស ម៉ ល ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវ ១១៧ ភូមិ ១ សង្កាត់ទួលទំពូង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំង និង វត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

ពត័មានពេញនិយម