សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា " សាធារណរដ្ឋ ប្រជាមានិតចិន គឺជាមិត្តដ៏សំខាន់មួយ មិនអាចខ្វះបានរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការ អភិវឌ្ឍរីកចម្រើន ទាំងសេដ្ឋកិច្ច ទាំងសង្គមនៅទូទាំងប្រទេស ដូច្នេះសូមអ្នកវិភាគដែលថា កម្ពុជា-ចិន ធ្លាក់ចុះទំនាក់ទំនង មើលសមិទ្ធផលជាក់ស្តែង"។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧១C (ត្បូងឃ្ម៉ំ-កំពង់ចាម) នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ តាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែល បានជួយកសាងផ្លូវជាតិលេខ ៧១ សេ ដ៏មានសារៈសំខាន់នេះ ។
សម្តេចបវរធិបតី បានបញ្ជាក់ថា "មិត្តចិនក៏ត្រូវបាន ទទួលស្គាល់ជាប្រទេសដៃគូលំដាប់ទី ១ ដែលបាន និងកំពុងផ្តល់ហិរញ្ញប្បទានសម្បទាន និង ជំនួយឥតសំណងជាច្រើន និង ជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនា សម្ព័ន្ធផ្លូវស្ពាននៅកម្ពុជា ដែលគិតមកដល់បច្ចុប្បន្ននេះ គឺមានទឹកប្រាក់សរុបប្រមាណជាង ៣ ពាន់លានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការលើកកម្ពស់គុណភាពផ្លូវថ្នល់ និង ការតភ្ជាប់ដែល មានភាពប្រទាក់ក្រឡាពេញផ្ទៃក្នុងប្រទេស និង ក្នុងតំបន់ ហើយឆាប់ៗខាងមុខនេះ ឯកឧត្តមប្រធានាធិបតីចិន ស៉ី ជិនពីង នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា"។
យ៉ាងណាក៏ដោយ សម្តេចបវរធិបតីក៏បានបញ្ជាក់ថា មិនត្រឹមតែចិនមួយនោះទេ កម្ពុជាស្វាគមន៍ទំនាក់ទំនងជាមិត្តជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក៕