រាជធានីភ្នំពេញ៖ បើតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានឲ្យដឹង ថា ពាណិជ្ជកម្មនាំចេញ-នាំចូលរបស់ប្រទេសកម្ពុជា បានកើតឡើង ដល់១៤,៤៤ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ដោយកើនឡើង ១៥,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។
ប្រភពដដែល បានឲ្យដឹងទៀតថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ប្រទេសកម្ពុជា បាននាំចេញទំនិញរបស់ខ្លួន មានទំហំទឹកប្រាក់ ៦,៨៧ពាន់លានដុល្លារអាមេរិក ដោយកើនឡើង ៩,៨ភាគរយ ខណៈការនាំចូល មានទំហំទឹកប្រាក់ ៧,៥៧ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើង ២១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។
ប្រទេសកម្ពុជា មានដៃគូពាណិជ្ជកម្មសំខាន់ៗជាច្រើន មានដូចជា៖ ចិន, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, វៀតណាម, ថៃ, ជប៉ុន, កាណាដា, ឥណ្ឌូនេស៊ី និង ចក្រភពអង់គ្លេស…ជាដើម។ បច្ចុប្បន្ន សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញទំនិញធំបំផុតរបស់ប្រទេសកម្ពុជា ហើយទីផ្សារបន្ទាប់ មានសហភាពអឺរ៉ុប, វៀតណាម និង ចិន។
ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ រួមទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដោយបានសម្រួលដល់ការទទួលបានទីផ្សារកាន់តែធំ និងកាត់បន្ថយពន្ធគយ។ រីឯទំនិញសំខាន់ៗរបស់ប្រទេសកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ, ផលិតផលកសិកម្ម រួមមាន ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ, គ្រឿងសង្ហារឹម, សំបកកង់រថយន្ត, បន្ទះសូឡា, កង់, សម្ភារអគ្គិសនី, គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបង្គុំយានយន្ត… ជាដើម។ សម្រាប់ទំនិញនាំចូល មកកាន់ប្រទេសកម្ពុជា វិញ មាន វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ប្រេងឥន្ធនៈ, គ្រឿងអេឡិចត្រូនិក, យានយន្ត និងគ្រឿងចក្រ, សម្ភារសំណង់, គ្រឿងឧបភោគបរិភោគ,គ្រឿងសម្អាង, ឱសថ និងបរិក្ខារពេទ្យ… ជាដើម៕