ខេត្តសៀមរាប៖ ស្រ្ដីម្នាក់មានសតិមិនប្រក្រតី បានសម្រាលកូនដោយខ្លួនឯង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ហើយត្រូវបានអាជ្ញាធរខេត្តសៀមរាប ចាត់ចែងមន្រ្ដីជំនាញ បញ្ជូនគាត់ទៅសង្គ្រោះ និងតាមដានសុខភាពរបស់គាត់ នៅក្នុងមន្ទីរពេទ្យ។
បើតាមអាជ្ញាធរខេត្តសៀមរាប បានឲ្យដឹង ថា ក្រោយពេលទទួលបានព័ត៌មាន អំពីករណីស្ត្រីម្នាក់ ដែលជាមនុស្សវិបល្លាសស្មារតី និង បានសម្រាលកូនដោយខ្លួនឯងនោះមក លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចាត់មន្ត្រីជំនាញចុះពិនិត្យស្ថានភាពសុខភាពរបស់ស្រ្ដីម្នាក់នេះ ហើយបានជួយសង្គ្រោះ និងនាំគាត់ទៅពិនិត្យ និង តាមដានសុខភាពរបស់គាត់ នៅមន្ទីរបង្អែកខេត្ត ខណៈទារករបស់គាត់ ត្រូវបានបញ្ជូនទៅពិនិត្យសុខភាព នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ហើយបន្ដបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីមើលថែទាំទារកនេះ។ លុះមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ត្រីមានសតិមិនប្រក្រតីម្នាក់នេះ ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប សហការជាមួយលោកស្នងការនគរបាលខេត្ត បញ្ជូនទៅរកសេវាថែទាំ និងស្ដារនីតិសម្បទានៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតីខេត្តកណ្ដាល រយៈពេលវែង។ រីឯកូនរបស់គាត់ត្រូវបានមន្ទីរសង្គមកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើកំណត់ហេតុ ទុកដាក់កុមារខាងលើជាបណ្ដោះអាសន្ន នៅអង្គការមេត្តាករុណា ដើម្បីរង់ចាំដល់ម្ដាយជាសះស្បើយ ហើយមកទទួលយកកូនទៅរស់នៅជាមួយវិញ។
ស្ត្រីម្នាក់នេះ មានសតិមិនប្រក្រតី ហើយគាត់បានដើរចេញពីផ្ទះ ដោយគ្មានគោលដៅ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប អស់រយៈជាង១០ឆ្នាំកន្លងមកហើយ។ ប៉ុន្ដែកាលពីពេលកន្លងមក ក្រុមគ្រួសារ និង សាច់ញាតិ ធ្លាប់នាំគាត់ត្រឡប់ទៅផ្ទះវិញជាច្រើនលើកច្រើនសាមកហើយ តែគាត់នៅតែលួចដើរចេញពីផ្ទះ ដោយគ្មានគោលដៅ។ រីឯការសម្រាលកូនលើកនេះ គឺជាលើកទី៤ហើយ ដោយកូនទី១បានស្ថិតនៅក្រោមការជួយសម្របសម្រួល ពីក្រុមការងារចម្រុះ ត្រូវបានសាច់ញាតិ ទទួលយកទារកទៅចិញ្ចឹម ខណៈកូនទី២ និងទី៣ ក៏ត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះ និង បានបញ្ជូនទារកឱ្យទៅរស់នៅក្នុងមណ្ឌលមេត្តាករុណា ដើម្បីមើលថែទាំ។ រីឯការរៀបចំនាំយកទារកឱ្យទៅរស់នៅជាមួយសាច់ញាតិ និង មណ្ឌលមេត្តាករុណា គឺដោយសារស្ត្រីរូបនេះ មានស្មារតីវិបល្លាស មិនអាចថែទាំទារកបាន ហើយមានពេលខ្លះ គាត់មានអារម្មណ៍ខឹងសម្បា តែងតែបោកប្រាស់វត្ថុផ្សេងៗ រួមទាំងកូន ដែលនៅក្នុងដៃរបស់ខ្លួនផងដែរ។ ប៉ុន្ដែដើម្បីសុវត្ថិភាពដល់ទារក មានតែយកទៅកូនរបស់គាត់ទៅដល់មណ្ឌលកុមារខាងលើ៕