រដ្ឋធានីម៉ានីល៖ ប៉ូលិសអន្ដរជាតិ បានចូលមកចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើរតេ (Rodrigo Duterte) កាលពីថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ហើយបានបញ្ជូនគាត់ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ហៅកាត់ «ICC» មានមូលដ្ឋាន នៅទីក្រុងឡាអេ ប្រទេសហូល្លង់ ជាទីដែលអតីតមេដឹកនាំអាស៊ានរូបនេះ ត្រូវប្រឈមមុខជាមួយនឹងការចោទប្រកាន់ជាច្រើនករណី ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ថា លោក រ៉ូឌ្រីហ្គោ ឌូទើរតេ អតីតមេដឹកនាំហ្វីលីពីន ត្រូវបានចាប់ខ្លួន និង បញ្ជូនទៅកាន់ទីក្រុងឡាអេ (The Hague) ប្រទេសហូល្លង់ដ៍ កាលពីថ្ងៃអង្គារ ត្រឹមតែប៉ុន្មានម៉ោង ក្រោយការចាប់ខ្លួនគាត់ នៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន តាមសំណើរបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ហៅកាត់ ICC ដែលជាផ្នែកមួយ នៃការអង្កេតរបស់ ICC លើសង្គ្រាមប្រឆាំងគ្រឿងញៀន ត្រូវបានកំណត់នៅក្នុងអាណត្តិរបស់អតីតប្រធានាធិបតីរូបនេះ។
លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលពីន បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ថា៖«យើងមិនបានជួយអ្វីដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមមធ្យោបាយណាមួយនោះឡើយ។ ប៉ុន្ដែការចាប់ខ្លួនអតីតប្រធានាធិបតី លោក ឌូទើរតេ ត្រូវបានធ្វើឡើង ដោយអនុលោមតាមប៉ូលិសអន្ដរជាតិ ឬ ប៉ូលិសអាំងទែរប៉ូល (Interpol)»។
អគ្គរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ បានបញ្ជាក់ ថា សង្គ្រាមប្រឆាំងនឹងគ្រឿងញៀនរបស់លោក ឌូទើរតែ នៅក្នុងប្រទេសហ្វីលីពីន មានមនុស្ស រហូតដល់ ៣0 000នាក់ អាចត្រូវបានសម្លាប់ ដោយប៉ូលិស ឬ បុគ្គលមិនស្គាល់អត្តសញ្ញាណ។
លោក ឌូទើរតេ ជាអតីតអភិបាលក្រុង និង ជាអតីតរដ្ឋអាជ្ញា បានឡើងដឹកនាំប្រទេសហ្វីលីពីន ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ ត្រូវបានឃាត់ខ្លួន កាលពីព្រឹក ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ដែលជាការបោះជំហានដ៏ធំបំផុតមួយ នៅក្នុងការស៊ើបអង្កេតរបស់ ICC លើបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងអំឡុងពេលការបង្ក្រាបគ្រឿងញៀន នៅក្នុងរដ្ឋាភិបាលរបស់គាត់ ដោយបានសម្លាប់មនុស្ស រាប់ពាន់នាក់ និង នាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង មកពីជុំវិញពិភពលោក។
លោក រ៉ូឌ្រីហ្គោ ឌូទើរតេ អតីតប្រធានាធិបតីហ្វីលីពីន វ័យ៧៩ឆ្នាំ អាចក្លាយជាអតីតប្រមុខរដ្ឋទី១ ត្រូវបានចាប់ខ្លួន និង កាត់ទោស នៅឯតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ICC នៅទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍។ យន្ដហោះដឹកគាត់ កំពុងតែស្ថិតនៅតាមផ្លូវឆ្ពោះទៅកាន់ទីក្រុងឆ្នេរសមុទ្រខាងជើង នាភាគខាងលិចរបស់ប្រទេសហូល្លង់ដ៍ ជាទីដែលគាត់ត្រូវប្រឈមមុខជាមួយនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មជាច្រើនករណី ប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្គ្រាមយ៉ាងបង្ហូរឈាមប្រឆាំងនឹងគ្រឿងញៀន។
សង្គ្រាមប្រឆាំងនឹងគ្រឿងញៀន ក្រោមរដ្ឋការរបស់លោក ឌូទើរតេ បានក្លាយយុទ្ធនាការវាយលុកយ៉ាងខ្លាំង ទៅលើឧក្រិដ្ឋជនយ៉ាងឆាប់រហ័ស តាមការសន្យារបស់គាត់ នៅក្នុងអំឡុងពេលសុន្ទរកថា។ សង្គ្រាមប្រឆាំងនឹងគ្រឿងញៀន បានជំរុញឲ្យមនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់។
ក្រុមអង្គការសិទ្ធិមនុស្ស និង ក្រុមគ្រួសារជនរងគ្រោះ បានថ្លែង ថា ការចាប់ខ្លួនលោក ឌូទើរតេ គឺជាការបោះជំហានសម្រេចចិត្តមួយ ឆ្ពោះទៅរកការទទួលខុសត្រូវ សម្រាប់យុទ្ធនាការដ៏ឃោរឃៅ និង គួរឲ្យភ័យខ្លាចបំផុត ដោយផ្តោតលើប្រជាជនហ្វីលីពីនក្រីក្របំផុត៕