បុរសកំណាចម្នាក់ត្រឡប់ពីផឹក ដេញវាយកូនប្រពន្ធរត់ចែកផ្លូវគ្នា ចូលកាប់ស្រ្ដីម្នាក់ដល់ក្នុងផ្ទះ

10-មិនា-2025 - ម៉ោង 01:59:PM

រាជធានីភ្នំពេញ៖ បុរសម្នាក់ទើបនឹងចេញពីផឹកស្រវឹង បានដើរចូលដល់ក្នុងផ្ទះរបស់ខ្លួន បង្កជម្លោះជាមួយប្រពន្ធ ហើយដេញវាយកូនរត់ចែកផ្លូវគ្នា ទៅពួន នៅតាមផ្ទះរបស់អ្នកដទៃ និង ចូលកាប់ស្រ្ដីម្នាក់ដល់ក្នុងផ្ទះ ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាព័ទ្ធចាប់ កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹង ថា កាលពីខែមុន ជនរងគ្រោះ និង ក្រុមគ្រួសាររបស់ជនបង្ក ធ្លាប់កើតមានជម្លោះជាមួយគ្នា អំពីរឿងកាប់មែកឈើ ដោយសារតែជនបង្ក បានចោទប្រកាន់ទៅលើក្រុមគ្រួសាររបស់ជនរងគ្រោះ បានធ្វើអំពើមកលើគ្រួសាររបស់គាត់ ទើបប្ដីប្រពន្ធរបស់គាត់ ចេះតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ហើយជនបង្កបានចងគំនុំគុំកួនទៅលើស្រ្ដីរងគ្រោះ។ លុះមកដល់វេលាកើតហេតុ ជនបង្កទើបត្រឡប់មកពីផឹកស៊ី នៅខាងក្រៅ ទាំងស្ថានភាពស្រវឹងជោក ហើយបានរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធកូន និង បានដេញវាយកូនៗ ធ្វើឲ្យពួកគេភ័យខ្លាច រត់ទៅពួននៅតាមផ្ទះអ្នកជិតខាង។

ស្របពេលនោះ ជនបង្ក បានទៅកាន់កាំបិតបុ័ងតោ ចូលទៅកាប់ស្ដ្រីរងគ្រោះ ដែលកំពុងតែអង្គុយមើលកូនហូបបាយ ដល់ក្នុងផ្ទះរបស់ខ្លួន ដែលនៅទល់មុខគ្នាជាមួយនឹងជនសង័្សយ ទាំងមិនដឹងខ្លួន បណ្ដាលឲ្យរងរបួសត្រង់ស្មា ចំនួនមួយកាំបិត។ ឃើញហេតុការណ៍បែបនេះ អ្នកភូមិបាននាំគ្នាជួយចាប់ខ្លួនជនបង្ក រួចហើយបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកនាំឃាត់ខ្លួនជនសង័្សយ និង ទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះ។
មន្រ្ដីនគរបាលខណ្ឌកំបូល បានឲ្យដឹង ថា ជនបង្ក ឈ្មោះ ទឹម ញឹប ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរបន្តិចបន្តួច នៅផ្ទះជួលកើតហេតុ និងមានស្រុកកំណើត នៅខេត្តកំពង់ចាម។ រីឯស្រី្តរងគ្រោះ ឈ្មោះ វិត សុភី អាយុ៤៦ឆ្នាំ មុខរបរលក់ដូរចាប់ហួយនៅផ្ទះ និង ស្នាក់នៅផ្ទះកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនសង័្សយ កាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ពត័មានពេញនិយម