សម្តេចធិបតី៖ សង្គមដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាន​នឹងជួយ​លើក​កម្ពស់​ដល់​ពុទ្ធិ​បញ្ញាញាណ

ម្សិលមិញ ម៉ោង 12:18:PM

អាចជារូបភាពនៃ 1​ នាក់ និង ការិយាល័យពងក្រពើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថាទិវាអំណាន ​គឺ​ជា​ការ​លើក​កម្ពស់​អ្នកអាន និងអ្នកសរសេរ ខណៈសង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាននេះ គឺ​ជា​ការ​លើកស្ទួយ ដល់ពុទ្ធិបញ្ញាញាណ និងគាំទ្រដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ប្រកប​ដោយ​ចីរភាព។

តាមរយៈឆាណែលតេលេក្រាម និងហ្វេសបុកនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា សូមអបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោម​ប្រធាន​បទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។ សម្តេចធិបតី នាយករដ្ឋ​មន្រ្តី​បាន​បញ្ជា​ក់​ថា«ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន និង​ការ​សរសេរ​។ សង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាននឹង​ជួយ​លើក​កម្ពស់​ដល់ពុ​ទ្ធិ​បញ្ញា​ញាណ ​ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»។

សូមបញ្ជាក់ថារាល់ថ្ងៃទី១១ ខែមីនា ត្រូវបាន​រាជ​រដ្ឋាភិបាល​កំណត់​យក​ជា​ថ្ងៃ​ទិវា​ជាតិ​អំណាន​នៅ​ព្រះរាជា​ណា​ចក្រកម្ពុជា ខណៈការបង្កើតទិវាអំណាននេះ គឺក្នុងគោលបំណងរំឭកដល់វីរភាព និង​គុណូប​ការៈ​ដ៏​ថ្លៃ​ថ្លារបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារ​មរតក​វប្បធម៌ អក្សរសាស្ត្រខ្មែរ និងក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើក​កម្ពស់​សមត្ថ​ភាពអាន ការតែងនិពន្ធ និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើក​កម្ពស់​វប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូបជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញសិស្សានុសិស្ស យុវជន យុវនារីកម្ពុជា ជា ច្រើន​បាន​នាំគ្នាអានសៀវភៅតាមរយៈការតាំងពិពរណ៍សៀវភៅកន្លែងផ្សេងៗគ្នា ទាំងក្នុងរាជ​ធានី​ភ្នំពេញ និងតាមបណ្តាខេត្តនានា។ ដោយឡែកសម្រាប់ទិវាជាតិអំណានលើកទី១០ បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថានបច្ចេកវិទ្យារយៈពេលពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមីនា ក្រោម​ប្រធានបទ​​ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។ នៅក្នុងទិវានោះ ក៏​មាន​ការ​ដាក់​តាំង​ពិព័រណ៍​សៀវ​ភៅ​ប្រមាណ១០០ស្ដង់ផងដែរ ដើម្បីលើកកម្ពស់ការអាន និងការសរសេរ​នៅ​កម្ពុជា​៕

ពត័មានពេញនិយម