ភ្នំពេញ ៖ សហជីព និងក្រុមកម្មកររោងចក្រ បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប់ជានិច្ចមកកាន់កម្មករ កម្មការនី។ ជាពិសេសការបន្តផ្តល់របបសន្តិសុខសន្តិសង្គមផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋ ទាំងអស់ដោយគ្មានការរើសអើង។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១១ ខែមីនានេះ បានលើកឡើងថា សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានរាជរដ្ឋាភិបាលនៅក្នុងនីតិកាលអាណត្តិទី៧ ពង្រីកវិសាលភាពសេវាប្រើប្រាស់ ក៏ដូចជាពង្រឹងទៅលើការអនុវត្តការផ្តល់សេវា និងការទទួលយកសេវាប្រើប្រាស់របស់សមាជិក ប.ស.ស.។ ម្យ៉ាងទៀតមើលឃើញថា សេវា ប.ស.ស. ពិតជាផ្តល់នូវសារៈសំខាន់ ហើយបានកាត់បន្ថយយ៉ាងច្រើនលើការចំណាយក្នុងគ្រួសាររបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋ ជាបុគ្គលស្វ័យនិយោជន៍ជាដើមក្តី ទៅលើការប្រើប្រាស់សេវាថែទាំសុខភាពតាមរយៈប័ណ្ណ ប.ស.ស. ដោយមានទំនុកចិត្ត និងកក់ក្តៅជាខ្លាំង ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ និងមានការរងចាំសម្របសម្រួលពីក្រុមមន្រ្តី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទាក់ទិនការប្រើប្រាស់សេវាថែទាំសុខភាពតាមរយៈប័ណ្ណ ប.ស.ស. នេះដែរ កម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងដែរថា ឆ្លងកាត់បទពិសោធន៍ក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស. ជាច្រើនលើក ច្រើនសារកន្លងមកនេះ គឺពិតជាមានភាពងាយស្រួល និងមានអារម្មណ៍ថាកក់ក្តៅនៅពេលទៅទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស.ទាំងអស់ គឺមិនមានកំណត់ចំនួនដង និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវាព្យាបាលផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ បានណែនាំដល់ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រូវតាមដានឱ្យបានជាប់លាប់ចំពោះការប្រើប្រាស់សេវា ប.ស.ស របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការរើសអើងចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវានេះឡើយ ខណៈប័ណ្ណ ប.ស.ស មានអត្ថប្រយោជន៍ច្រើនដល់កម្មករនិយោជិត ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺ ប.ស.ស ជាអ្នករ៉ាប់រងទាំងអស់៕