កប៉ាល់ដឹកប្រេងយន្ដហោះ បុកគ្នាជាមួយនឹងនាវាដឹកទំនិញ ផ្ទុះឆេះនៅចក្រភពអង់គ្លេស

ម្សិលមិញ ម៉ោង 12:23:PM

រាជធានីឡុងដ៍៖ កប៉ាល់ដឹកប្រេងយន្ដហោះមួយគ្រឿង បានបុកគ្នាជាមួយនឹងកប៉ាល់ដឹកទំនិញមួយគ្រឿង បង្កឲ្យកើតមានគ្រោះអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ កាលពីព្រឹក ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នៅសមុទ្រខាងជើង នៃចក្រភពអង់គ្លេស ហើយភ្លើងបានបន្ដឆាបឆេះ រហូតមកដល់ព្រឹក ថ្ងៃអង្គារនេះ។

ទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១១ ខែមីនា ថា អគ្គីនៅតែបន្ដឆាបឆេះ ក្រោយពេលកប៉ាល់ដឹកប្រេងយន្តហោះ និង កប៉ាល់ដឹកទំនិញដែលផ្ទុកសារធាតុគីមីពុលខ្លាំង បានបុកគ្នា នៅសមុទ្រខាងជើង កាលពីព្រឹក ថ្ងៃចន្ទ។

ឆ្មាំសមុទ្រចក្រភពអង់គ្លេស បានបញ្ជាក់ ថា ឧបទ្ទវហេតុនេះ បានកើតឡើង ក្រោយពេលកប៉ាល់ Stena Immaculate (ស្ដេណា អ៊ីម៉ាគ្យូឡេត) ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក ដែលកំពុងតែដឹកជញ្ជូនប្រេងឥន្ធនៈ នៅក្នុងនាមយោធាសហរដ្ឋអាមេរិក បានបុកគ្នាជាមួយនឹងកប៉ាល់ដឹកទំនិញ Solong (សូឡុង) ដែលបង្ហូតទង់ជាតិព័រទុយហ្គាល់។

លោក ម៉ាតធូ អាត់ឃីនសុន (Matthew Atkinson) មេបញ្ជាការផ្នែកឆ្មាំឆ្នេរសមុទ្រចក្រភពអង់គ្លេស បានបញ្ជាក់ ថា មនុស្សចំនួន៣៦នាក់ត្រូវបានជួយសង្គ្រោះ ដោយក្នុងនោះមានម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រីឯនាវិកម្នាក់ នៅលើកប៉ាល់ Solong បានបាត់ខ្លួន។

បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ព្រឹក ថ្ងៃអង្គារ ទី១១ ខែមីនា ភ្លើងនៅតែបន្ដឆាបឆេះកប៉ាល់ដឹកប្រេងយន្ដហោះនៅឡើយ ហើយវាបានធ្លាយចេញប្រេងឥន្ធនៈ និង សារធាតុគីមី បង្កឲ្យមានហានិភ័យធ្ងន់ធ្ងរថែមទៀតផង។ ឧបទ្ទវហេតុនេះ បានកើតឡើង នៅវេលាម៉ោង៩ និង ៥០នាទី ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ វេលាក្នុងតំបន់ នៅសមុទ្រខាងជើង នាភាគឦសាន នៃចក្រភពអង់គ្លេស។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរ រួមទាំងឆ្មាំសមុទ្រចក្រភពអង់គ្លេស កំពុងតែស៊ើបអង្កេត ស្វែងរកមូលហេតុពិត នៃឧបទ្ទវហេតុនេះ។ ប៉ុន្ដែបើតាមព័ត៌មានអង្កេតបឋម បានបង្ហាញ ថា ករណីនេះ ជាកំហុសរបស់កាពីទែនកប៉ាល់, កំហុសប្រព័ន្ធបើកបរស្វ័យប្រវត្តិ និង បញ្ហាអាកាសធាតុ ជាពិសេសអ័ព្ទក្រាស់៕

ពត័មានពេញនិយម