ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីជំទង់ម្នាក់ បានទិញគ្រឿងក្រអូប យកមកតុបតែខ្លួន ហើយជំពាក់ប្រាក់គេចំនួន២០០ដុល្លារ លុះពេលអត់លុយសង ក៏ប្រឌិតរឿងចាប់ជំរិត ធ្វើឲ្យសមត្ថកិច្ចចុះស្រាវជ្រាវ និង សារភាពការពិត។
ប្រភពពីសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹង ថា ក្រោយពេលមានគណនីបណ្ដាញសង្គមមួយឈ្មោះ Dxa Ly NxeNG បានបង្ហោះអំពីករណីចាប់ជំរិត ធ្វើឲ្យប៉ះពាលដល់សន្ដិសុខសង្គមនោះមក កម្លាំងជំនាញផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក៏បានចុះទៅស្រាវជ្រាវ រហូតដឹងការពិត ទើបក្មេងស្រីម្នាក់នេះ បានបង្ហោះសារសូមទោស និង សារភាពកំហុសចំពោះអ្វីដែលខ្លួនបានធ្វើ។ ក្មេងស្រីម្នាក់នេះ ឈ្មោះ គង់ សុខណេង អាយុ ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំតំាងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្មេងស្រី គង់ សុខណេង សារភាព ថា៖«កាលពីវេលាម៉ោង៥ និង ៣០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នាងបានជិះម៉ូតូចេញពីផ្ទះ និង ប្រឌិតរឿងកុហក បងប្អូន ម្តាយ ពូ មីង ថា មានគេចាប់ជំរិតយកលុយនាង ហើយនាំនាងទៅចងឃុំខ្លួន នៅក្នុងព្រៃមិនស្គាល់ទីតាំង។ ប៉ុន្តែវាមិនមែនការពិតនោះទេ ដោយសារតែនាងជំពាក់លុយគេ ចំនួន២០០ដុល្លារ ដែលថ្លៃទិញគ្រឿងក្រអូប ហើយគ្មានលុយសងគេ ទើបនាងប្រឌិតរឿងបែបនេះ ដើម្បីបានប្រាក់សងគេ នាង។
ក្មេងស្រីដដែលនេះ បានបន្ដ ថា ក្រោយពេលដឹងពីទោសកំហុសរបស់ខ្លួនហើយ នាងបានប្រកាសសូមទោសជាសាធារណៈ ចំពោះអ្វីដែលនាងបានប្រព្រឹត្ត ហើយនាងសូមសន្យា ថា នឹងឈប់ប្រព្រឹត្តរឿងបែបនេះជាលើកទី២ទៀតហើយ ព្រោះវាជាអំពើប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។ សូមបងប្អូនអ្នកលេងបណ្តាសង្គមហ្វេសប៊ុកទាំងអស់ កុំយកតម្រាប់តាមនាង៕