រាជធានីភ្នំពេញ៖ បុរសម្នាក់កំពុងតែបើករថយន្ដ សម្រាប់តែងងុយដេក ហើយងោកមួយភាំង ធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ឡើងទៅលើសួនច្បាររង្វង់មូលអប្សរា បុកខឿនថ្ម និង បង្គោលភ្លើងសូឡាបំភ្លឺផ្លូវ បាក់អស់១ដើម រួមទាំងដើមផ្កា បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចរង្វង់មូលអប្សរា នៅតាមបណ្តោយផ្លូវអូស៊ីអាយស៊ី ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនកើតហេតុ មានបុរសម្នាក់បានបើករថយន្តកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-9718 ចេញមកពីខេត្តកំពង់ចាម ដើម្បីត្រឡប់មកផ្ទះរបស់គាត់ នៅក្នុងរាជធានីភ្នំពេញ។ លុះពេលគាត់បានបើករថយន្ដ មកដល់ចំណុចកើតហេតុ ស្រាប់តែងងុយដេក ហើយងោកមួយភាំង ធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ឡើងទៅលើខឿនសួនច្បារ បុកបង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន១ដើម រួមទាំងដើមផ្កាជាច្រើនដើម បណ្ដាលឱ្យរថយន្ដរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនអ្នកបើកបររថយន្ដបង្កភ្លាមៗ ដើម្បីប្រគល់ជូនមន្រ្ដីជំនាញចរាចរណ៍ ហើយយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕