រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តបត់ត្រឡប់ក្រោយទាំងខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យអ្នកជិះម៉ូតូគេចមិនទាន់ ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្ស២នាក់រងរបួស កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវមាត់ទន្លេ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្ត ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-8145 តាមបណ្ដោយផ្លូវមាត់ទន្លេ។ លុះពេលគាត់បានបើករថយន្ដ មកដល់ចំណុចកើតហេតុ ក៏ស៊ីញ៉ូភ្លែត បត់ត្រឡប់ក្រោយភ្លាម ធ្វើឲ្យបុរសម្នាក់ ដែលកំពុងតែជិះម៉ូតូ ម៉ូតូ FZ យ៉ាងលឿន គេចមិនផុត ជ្រុលទៅបុកកាងខាងមុខរបស់រថយន្តព្រូស បណ្តាលឲ្យដួលម៉ូតូ រងរបួសធ្ងន់ ហើយម៉ូតូនេះបានជ្រុលទៅបុកម៉ូតូ១គ្រឿង បណ្តាលឱ្យរងរបួសស្រាល។ ឃើញហេតុការណ៍បែបនេះ អ្នកបើករថយន្តព្រូសបានគេចខ្លួនចេញពីទីតាំងកើតហេតុបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង រួចហើយបានយករថយន្ត និងម៉ូតូ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយគ្នា នាពេលក្រោយ៕ ដោយឡែក ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ៕