ខេត្តពោធិ៍សាត់៖ យុវជន២នាក់ បានជិះម៉ូតូឌុបគ្នាយ៉ាងលឿន ស្រាប់តែជួបនឹងគ្រោះអកុសល ដួលម៉ូតូចូលក្រោមកង់រថយន្ដដឹកដី បណ្ដាលឲ្យអ្នករួមដំណើរជាមួយបាត់បង់ជីវិត និង អ្នកបើកម៉ូតូរងរបួសយ៉ាងដំណំ កាលពីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ត្រង់ចំណុចអម្ពិលផ្អែមដែលជាផ្លូវកោងខ្លាំង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មានយុវជន២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-8548 យ៉ាងលឿន នៅក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នាជាមួយនឹងរថយន្ដដឹកដីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ បាត់ដំបង 3A-2367 ។ លុះពេលជនរងគ្រោះ បានធ្វើដំណើរមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងខ្លាំង ធ្វើឲ្យអ្នកបើកម៉ូតូបត់តាមផ្លូវកោងមិនទាន់ ដួលម៉ូតូដោយខ្លួនឯង ខ្ទាតអ្នករួមដំណើរម្នាក់ ចូលក្រោមកង់រថយន្ដ បណ្ដាលឲ្យកិនស្លាប់មួយរំពេច ខណៈអ្នកបើកម៉ូតូបានរងរបួសយ៉ាងដំណំ។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកក្រគរ បានឲ្យដឹង ថា អ្នកបើកបររថយន្ដ នៅមិនទាន់បានស្គាល់អត្ដសញ្ញាណនៅឡើយ ក្រោយពេលកើតហេតុភ្លាម។ រីឯអ្នកបើកបរម៉ូតូ ឈ្មោះ កាក់ ប៉ាន់ណារ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរងរបួសធ្ងន់ និង អ្នករួមដំណើរជាមួយ ឈ្មោះ លី ចាន់ហាយ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំជាមួយគ្នា បានបាត់បង់ជីវិត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានដកហូតយកវត្ថុតាង យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារ មកទទួលសពរបស់ជនរងគ្រោះ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក អ្នករងរបួសត្រូវបានគេបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ៕