ខេត្តតាកែវ៖ រថយន្ដបែនដឹកខ្សាច់ ប្រភេទកង់៦មួយគ្រឿង បានបុកអ្នកជិះកង់ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៥ និង ១០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ តែសមត្ថកិច្ចនៅមិនទាន់រកឃើញរថយន្ដបង្ក និង អ្នកបើកបរឃើញ។
ក្រុមគ្រួសារ និង សាច់ញាតិរបស់ជនរងគ្រោះ បានអះអាង ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ម៉ម ឈីម ភេទប្រុស អាយុ៦៦ឆ្នាំ បានជិះកង់ហាត់ប្រាណ នៅក្នុងភូមិស្នោ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើង ដោយសាររថយន្ដដឹកដីបុក បណ្ដាលឲ្យរងរបួសធ្ងន់ និង ស្លាប់ ខណៈបញ្ជូនតាមផ្លូវ ទៅកាន់មន្ទីរពេទ្យ។ រីឯអ្នកបើកបររថយន្ដបង្ក បានបើករថយន្ដ រត់គេចខ្លួនបាត់ស្រមោល។
បើទោះជាយ៉ាងណា រហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនទាន់ស្រាវជ្រាវ រកឃើញរថយន្ដបង្ក និង អ្នកបើកបរនៅឡើយ។ ប៉ុន្ដេបើផ្អែកតាមការឆែកកាមេរ៉ារបស់ក្រុមគ្រួសារសាច់ញាតិ បានអះអាង ថា រថយន្ដដែលសង្ស័យជាប្រភេទរថយន្ដបែនដឹកខ្សាច់កង់៦ ពណ៌ស មិនឃើញផ្លាកលេខ ខណៈពេលកើតហេតុកំពុងតែដឹកខ្សាច់។
តាមរយៈការប្រដេញកាមេរ៉ាសុវត្ថិភាព បានប្រទះឃើញរថយន្ដនេះ បន្ដបើកបរដល់ចំណុចភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ហើយឆ្ពោះទៅកាន់ភូមិក្រាំងយ៉ូវ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលជាតំបន់កំពុងតែជួសជុលផ្លូវ ចន្លោះម៉ោង៥ និង ៣០នាទីព្រឹក ក្រោយពេលកើតហេតុ។
ស្របគ្នានេះដែរ ក្រុមគ្រួសារនៅមិនទាន់អស់ចិត្ត ចំពោះប្រតិបត្តិការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ហើយបានលើកឡើងជាសំណួរសួរទៅកាន់លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស អំពីការមន្ទិលសង្ស័យ ចំនួន២ចំណុច រួមមាន៖
១.ហេតុអ្វីនាយរងប៉ុស្តិ៍ឃុំស្នោ ឈ្មោះ ញ៉ុច សុខឡេង ជិះម៉ូតូដេញតាមរថយន្ដដឹកដីបង្កហើយ បែរជាបាត់មុខសញ្ញា ខណៈរថយន្ដបង្កទើបទៅបើកហួសប្រហែលកន្លះគីឡូម៉ែត្រ? នេះបើតាមសម្ដដីរបស់អ្នកឃើញហេតុការណ៍។
២.ហេតុអ្វីបានជាប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងយ៉ូវ ទទួលបានព័ត៍មាន និង ឆ្លើយតបហើយ បែរជាមិនក្រោកជួយស្ទាក់? នេះបើតាមសំដីរបស់នាយរងប៉ុស្តិ៍ឃុំស្នោរ ឈ្មោះ ញ៉ុច សុខឡេង និងអធិការរងស្រុកព្រៃកប្បាស។
ទន្ទឹមគ្នានេះដែរ ក្រុមគ្រួសារ និង សាច់ញាតិរបស់ជនរងគ្រោះ បានអំពាវនាវ និង សង្ឃឹមយ៉ាងមុតមាំ ថា លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និង លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ជួយស្រាវជ្រាវ ស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្ដបង្ក នាំមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាមិនខាន៕