រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ត្រូវបានឃាតករមិនស្គាល់អត្ដសញ្ញាណ វាយសម្លាប់ ហើយសាកសពរបស់នាង ត្រូវបានគេប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីកាលពីវេលាម៉ោង៧ និង៥នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅក្នុងដីឡូត៍ទុកចោលមួយកន្លែង តាមផ្លូវឧកញ៉ាឌីប៊ូ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលប្រទះឃើញសពនោះ ប្រជាពលរដ្ឋដើរបានដើរហាត់ប្រាណ នាពេលព្រឹក ស្រាប់តែប្រទះឃើញសពរបស់នារីមិនស្គាល់អត្ដសញ្ញាណម្នាក់ នៅក្នុងដីឡូត៍ទុកចោល នៅភូមិកើតហេតុ។ ភ្លាមៗនោះ ពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ច ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង។
បើតាមប្រជាពលរដ្ឋរស់នៅតំបន់នោះ បានអះអាង ថា កាលពីវេលាទៀបភ្លឺ ថ្ងៃកើតហេតុ គេបានឃើញម៉ូតូកង់បីមួយគ្រឿង ជិះចូលទៅក្នុងបរិវេណដីឡូត៍កើតហេតុ ហើយមានការប្រតាយប្រតប់ទៅលើស្ត្រីរងគ្រោះ។ លុះក្រោយមក ជនសង័្សយបានចេញទៅ ខណៈពុំមានអ្នកណាម្នាក់ បានចាប់អារម្មណ៍ ទៅលើហេតុការណ៍នោះ។ លុះព្រឹកឡើង ទើបមានអ្នកហាត់ប្រាណបានដើរទៅប្រទះឃើញសពរបស់នារីរងគ្រោះ នៅចំណុចកើតហេតុ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹង ថា ក្រោយពេលមានសេចក្ដីរាយការណ៍ អំពីករណីប្រទះឃើញសពរបស់នារីរងគ្រោះបែបនេះ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ហើយបានយកខ្សែមកហ៊ុមព័ទ្ធនៅទីនោះ រួចហើយបានបានទាក់ទងទៅមន្ត្រីនគរបាលជំនាញ ដើម្បីចុះមកត្រួតពិនិត្យ។ រីឯវត្ថុតាងនៅជាប់នឹងខ្លួនរបស់សពជនរងគ្រោះ សមត្ថកិច្ចបានរកឃើញក្រវិលកំប៉ុងស្រាបៀរចំនួន៥, កូនសោម៉ូតូ១, កូនសោដែក២, លុយខ្មែរចំនួន៤៣ ៥០០រៀល។ ចំណែកស្លាកស្នាមនៅលើសាកសពរបស់នារីរងគ្រោះ មានស្នាមជាំភ្នែកទាំងសងខាង និង ស្នាមជាំនៅលើផ្ទៃមុខទាំងសងខាង។
ប្រភពដដែល បានបន្ដ ថា ក្រោយការត្រួតពិនិត្យភ្លាមៗនោះ សមត្ថកិច្ចជំនាញ នៅមិនទាន់បានស្គាល់អត្ដសញ្ញាណរបស់សពនារីរងគ្រោះនៅឡើយ។ បើតាមការពិនិត្យលើភិនភាគរបស់សព គឺជនរងគ្រោះ អាចមានវ័យប្រហែល៣០ឆ្នាំ ខណៈពិនិត្យមើលលើសម្លៀកបំពាក់របស់ជនរងគ្រោះ អាចសន្និដ្ឋានបាន ថា នារីរងគ្រោះ ប្រហែលជាមេការ នៅភោជនីយដ្ឋានណាមួយផងដែរ។ ចំណែកនៅលើសពរបស់នារីរងគ្រោះ ក៏មានស្នាមចាក់សាក់រូបស្លាប និង សាក់អក្សរ «Oun leak» នៅលើកំភួនដៃខាងស្ដាំ, មានស្នាមចាក់សាក់រូបផ្កា នៅថ្លើមដៃខាងឆ្វេង និង មានស្នាមចាក់សាក់រូបក្បាច់ នៅម្រាមកណ្តាលដៃខាងឆ្វេង។
ក្រោយការត្រួតពិនិត្យ និង ធ្វើកោសល្យវិច័យលើសពរបស់នារីរងគ្រោះរួចហើយ ក្រុមមន្រ្ដីជំនាញ ដោយមានទាំងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ អមតុលាការរាជធានីភ្នំពេញ ផងដែរ បានសន្និដ្ឋាន ថា នារីរងគ្រោះបានស្លាប់ ដោយសារការវាយក្បាល និង ខ្ទប់ដង្ហើម។ អំពើឃាតកម្មទៅលើនារីរងគ្រោះ គេនៅពុំទាន់ដឹង ថា ឃាតករមិនស្គាល់អត្ដសញ្ញាណ មានគំនុំអ្វីនឹងជនរងគ្រោះនោះឡើយ។ ករណីឃាតកម្មនេះ មានការសង័្សយ ថា ជនរងគ្រោះ អាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងឃាតករផងដែរ ទើបឃាតករ បានវាយសម្លាប់នារីរងគ្រោះ ហើយបានអូសយកសាកសព មកទម្លាក់ចោល នៅក្នុងដីឡូត៍កើតហេតុមួយនេះ។
ក្រោយពេលត្រួតពិនិត្យ និង ធ្វើកោសល្យវិច័យរួចហើយ កម្លាំងនគរបាលជំនាញរាជធានីភ្នំពេញ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្ដសញ្ញាណរបស់ស្រ្ដីរងគ្រោះ ឈ្មោះ ឈ្មោះ អ៊ុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋានមួយ នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ច បានដាក់ការសង្ស័យទៅលើអតីតប្តីរបស់នារីរងគ្រោះ ជាជនដៃដល់ បានវាយជនរងគ្រោះ រហូតដល់ស្លាប់៕