ខេត្តកំពង់ស្ពឺ៖ អភិបាលរងខេត្តកំពង់ស្ពឺម្នាក់ និង បក្ខពួកចំនួន២នាក់ផ្សេងទៀត បានឆបោកលុយរាប់សិបម៉ឺនដុល្លារ ពីវិនិយោគិនជាជនជាតិចិន ក៏ត្រូវបានអង្គភាពប្រឆាំងនឹងអំពើពុករលួយ (ACU) ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចេញដីកាឃុំខ្លួនជនត្រូវចោទទាំង២នាក់នេះ ដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
បើតាមលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹង ថា អង្គភាព ACU ពិតជាបានកសាងសំណុំរឿង បញ្ជូនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និង បក្ខពួករបស់គាត់ចំនួន២នាក់ផ្សេងទៀត ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ប្រាកដមែន។ ករណីនេះ អយ្យការ និង ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់ទៅលើលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ, និងបក្ខពួកចំនួន២នាកផ្សេងទៀត រួមមាន៖ លោកវរសេនីយ៍ត្រីយោធា ហ៊ាវ ខន ជាអ្នករត់ការ និង ឈ្មោះ អ៊ីង សារឿន ជាអ្នកបកប្រែភាសាចិន ពីបទពុករលួយ (រំលោភអំណាច) និង បទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និង ប្រើប្រាស់លិខិតឯកសារសាធារណៈពិតមែន។
គេហទំព័រជាច្រើន បានចុះផ្សាយចំៗ ថា លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ បានឆបោកប្រាក់ពីអ្នកវិនិយោគទុនជាជនជាតិចិន ចំនួន៤០ម៉ឺនដុល្លារ លើតម្លៃសរុប៨០ម៉ឺនដុល្លារ ដែលតម្រូវឲ្យអ្នកវិនិយោគបង់ថ្លៃធ្វើអាជ្ញាបណ្ណ។ បើគិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ មានអ្នកចូលមើលគេហទំព័រនោះ ជិត១លាននាក់។ គេហទំព័រទាំងនេះ បានបង្ហាញយ៉ាងច្បាស់ អំពីអ្នកជាប់ពាក់ព័ន្ធចំនួន៣រូប រួមមាន៖ ១.លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ, ២.លោកវរសេនីយ៍ត្រីយោធា ហ៊ាវ ខន ជាអ្នករត់ការ និង ៣.ឈ្មោះ អ៊ីង សារឿន (ឈ្មោះភាសាចិន អ៊ីង វិនឆាយ Yin Wemncai) បានរៀបគម្រោងឲ្យអ្នកវិនិយោគចិនម្នាក់ ឈ្មោះ លី មិនឆាង (Li Minchang) ដែលចង់វិនិយោគលើរ៉ែស្ពាន់ នៅខេត្តបៃលិន។
សារព័ត៌មានទាំងនោះ បានចុះផ្សាយខ្សែអាត់សំឡេងជាកង់ៗមួយចំនួន និង មានទាំងលិខិតទទួលប្រាក់ចំនួន២លើក ដោយក្នុងនោះមានចំនួន២៣ម៉ឺនដុល្លារ និង ចំនួន១៦ម៉ឺនដុល្លារ ដោយភាគីជនជាតិចិន បានប្រគល់ឲ្យអ្នកបកប្រែឈ្មោះ អ៊ីង សារឿន។ គេហទំព័រនោះ បានចុះផ្សាយនូវអាត់សំឡេងដែលឈ្មោះ អ៊ីង សារឿន ជាអ្នកបកប្រែ បានទទួល៤០ម៉ឺនដុល្លារ ពិតប្រាកដ តែដោយភាគីចិន លី មិនឆាង (Li Minchang) (ACU ហៅថា ចិនទី១) មិនព្រមបង់៤០ម៉ឺនដុល្លារទៀត បង្រ្គប់៨០ម៉ឺនដុល្លារ ទើបក្រសួងបញ្ឈប់ មិនឲ្យអាជ្ញាបណ្ណ (អ្នកបកប្រែ អ៊ីង សារឿន មួលបង្កាច់ ថា ក្រសួងជាអ្នកនិយាយដូច្នោះ)។
គេហទំព័រនោះ បានបង្ហាញខ្សែអាត់សំឡេងទៀត ថា អ្នករត់ការឈ្មោះ ហ៊ាវ ខន ថា ខ្លួនមិនបានទទួលយក៤០ម៉ឺនដុល្លារ ដូចអ្នកបកប្រែ អ៊ីង សារឿន និយាយនោះទេ។ ខ្លួន (ហ៊ាវ ខន) ទទួលបានប្រាក់តែ១០ម៉ឺនដុល្លារប៉ុណ្ណោះ (ACU ស្រាវជ្រាវឃើញ ថា ក្នុងករណីចិនទី១នេះ ហ៊ាវ ខន ទទួលបានតែ៤ម៉ឺនដុល្លារទេ មិនមែន១០ម៉ឺនដុល្លារឡើយ)។
បើទោះជាយ៉ាងណា លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ បានប្រកែក ថា មិនស្គាល់ចិននោះទេ រហូតពេល ACU ទម្លាក់ភស្តុតាងម្តងមួយៗ ទើបទទួលស្គាល់ ហើយថា បានជួបចំនួន២ដង ខណៈACU បានបង្ហាញភស្តុតាងទៀត ទើបទទួលស្គាល់ ថា ជួបច្រើនដង និង មានចរចារត់ការមែន។ នៅដំណាក់កាល ACU អ្នកទាំង៣នៅបន្តភូតកុហកបន្តទៀត រហូតមានភស្តុតាងទម្លាក់ជាបន្តបន្ទាប់ ទើបប្រកែកលែងបាន៕