ខេត្តកំពង់ឆ្នាំង៖ ពួកក្មេងទំនើងបាននាំគ្នាបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរ និង បាត់បង់សណ្ដាប់ធ្នាប់សាធារណៈសង្គម ហើយបានថតជាវីដេអូ យកទៅបង្កោះ នៅតាមបណ្ដាញសង្គម ក៏ត្រូវបានសមត្ថកិច្ចចុះទៅបង្ក្រាប និង ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥ នៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មន្រ្ដីនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹង ថា ក្រោយពេលពិនិត្យឃើញ អំពីករណីក្មេងទំនើងបង្ហោះម៉ូតូ ហើយថតបង្ហោះនៅតាមបណ្ដាញសង្គមនោះមក កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានចុះស្រាវជ្រាវ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ចំនួន១០នាក់។
ក្រុមក្មេងទំនើងទាំងនេះ បានសារភាពប្រាប់សមមត្ថកិច្ច ថា កាលពីវេលាម៉ោង៥ និង ៣០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៥ ពួកគេបានដាក់ម៉ូតូតម្រៀបគ្នា នៅលើថ្នល់ នៅត្រង់ចំណុចផ្លូវកោងវាងក្រុង ស្ថិតក្នុងភូមិ-ឃុំខាងលើ ហើយថតរូប និង ថតជាវីដេអូ។ នៅក្នុងចំណោមពួកគេទាំងអស់នោះ មានបក្ខពួកចំនួន២នាក់ ពិតជាបានជិះម៉ូតូបង្ហោះប្រាកដមែន។
ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចបានអប់រំណែនាំ និង កោះហៅឪពុកម្ដាយមកធ្វើលិខិតធានា ហើយបានដកហូតម៉ូតូរបស់ពួកគេ យកទៅរក្សាទុក រយៈពេល៣ខែ ដើម្បីទុកជាការព្រមានឲ្យរាងចាល៕