រាជធានីភ្នំពេញ៖ បុគ្គលិករបស់អង្គការអភិរក្សបរិស្ថាន ចំនួន៥នាក់ បានបញ្ជាទិញសត្វព្រៃពីប្រជាពលរដ្ឋ និង គំរាមទារប្រាក់ចំនួន៥លានរៀល ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់។
ប្រភពពីមន្រ្ដីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹង ថា កាលពីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ដោយបានរាយការណ៍មក ថា មានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយពួកគេបានឃាត់ខ្លួនអ្នកលក់ ដើម្បីគំរាមទារប្រាក់ ចំនួន៥លានរៀល។
ប្រភពដដែល បានបន្ដ ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ ចំនួន៥នាក់ ជាបុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕