បុរសម្នាក់ ច្របាច់កសម្លាប់សង្សារនៅភ្នំពេញ រត់ទៅជាប់ខ្នោះនៅខេត្តព្រះសីហនុ

13-គុម្ភះ-2025 - ម៉ោង 01:30:PM


ខេត្តព្រះសីហនុ៖ បុរសម្នាក់បានច្របាច់កសម្លាប់សង្សាររបស់ខ្លួន ហើយបានរត់គេចខ្លួនបាត់ បានមួយរយៈពេលខ្លី ក៏ត្រូវបានសមត្ថកិច្ចសហការគ្នា ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ ហើយបានប្រគល់ជូនមន្រ្ដីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំមកចាត់ការតាមច្បាប់។

មន្រ្ដីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា កាលពីវេលាម៉ោង១ និង ៣០នាទីរសៀល ថ្ងៃទី២០ ខែមករា មានការភ្ញាក់ផ្អើល អំពីករណីកម្មការិនីម្នាក់ ត្រូវបានជនមិនស្គាល់អត្ដសញ្ញាត រឹតកសម្លាប់ នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី៣ នៃផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ លើសាកសពរបស់ជនរងគ្រោះ ដែលមានសភាពហើមស្អុយ។ ស្រ្ដីរងគ្រោះឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី អឹភែរឹល (ខេមបូឌា) មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ។

ប្រភព័ត៌មានដដែល បានបន្ដ ថា ក្រោយការកើតមានអំពើឃាតកម្មបែបនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានសហការជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការងារតាមជំនាញរបស់ខ្លួន ចុះស្រាវជ្រាវ រហូតឈានដល់ការកំណត់អត្ដសញ្ញាណរបស់ជនសង័្សយ និង ឃាត់ខ្លួនជនដៃដល់បាន នៅខេត្តព្រះសីហនុ។

ក្រោយពេលឃាត់ខ្លួនរួចហើយ សមត្ថកិច្ចខេត្តព្រះសីហនុ បានធ្វើកំណត់ហេតុ ប្រគល់ជនសង័្សយ ជូនមកមន្រ្ដីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីនាំមកសាកសួរ និង ចាត់ការបន្ដតាមច្បាប់៕

ពត័មានពេញនិយម