ខេត្តត្បូងឃ្មុំ៖ មេជាង និង កូនជាងកាំបិត ត្រូវបានសមត្ថកិច្ចខេត្តត្បូងឃ្មុំ ឃាត់ខ្លួន មិនបានប៉ុន្មានថ្ងៃផង ក៏ត្រូវបានដោះលែងវិញ ហើយបានលេចចេញនូវពាក្យចចាមអារ៉ាម អំពីករណីទារលុយពីបុរសទាំង២នាក់នេះ ចំនួន៥៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង ព្រមទាំងហាមឃាត់ដល់ពួកគេ កុំនិយាយរឿងរ៉ាវទាំងនេះ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ នៅក្នុងសេចក្ដីបំភ្លឺរបស់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា សូមជម្រាបជូនសាធារណជន ចំពោះការផ្សាយរបស់ផេកហ្វេសប៊ុក « Peng Vannak» និង បណ្ដាផេកហ្វេសប៊ុកដែលបានចែករំលែកតៗគ្នា ពាក់ពន្ធនឹងកិច្ចប្រតិបត្ដិការបង្ក្រាបទីតាំងផលិត និង ចរាចរណ៍អាវុធប្រហារផ្សេងៗ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង ការបង្ហោះដែលមានខ្លឹមសារ ថា «ជាងកាំបិតរួចខ្លួន អស់៥៥០០ដុល្លារ យកលុយគេហើយ ហាមគេនិយាយទៀត? យកល្អគួរយកលុយឲ្យគេវិញទៅ អាណិតគ្នា»។ ពាក់ព័ន្ធនឹងការបង្ហោះខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមបំភ្លឺដូចខាងក្រោម៖
១.ការបង្ហោះលក់ និង ទទួលផលិតតាមការបញ្ជាទិញ ពីអតិថិជននូវការជាវកាបិត អាវុធប្រហារផ្សេងៗ ដែលអាចឲ្យក្រុមឧក្រិដ្ឋជន និង ក្មេងទំនើង ងាយស្រួល នៅក្នុងការបញ្ជាទិញ ផលិតតាមទម្រង់ ម៉ូតដែលពួកគេត្រូវការ និង អាចយកទៅធ្វើសកម្មភាពល្មើសប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម។
២.កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងព្រីង នៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះទៅផ្សព្វផ្សាយ ណែនាំដល់ឈ្មោះសា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរជាមេជាង ពាក់ព័ន្ធនឹងការផលិត លក់ដាវ កាំបិត និង អាវុធប្រហារផ្សេងៗ មិនត្រូវលក់ទៅឲ្យក្រុមក្មេងទំនើង។
៣.ក្រុមការងារ Hot Line Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយនឹងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវជាបន្ដបន្ទាប់ លើគណនីហ្វេស៊បុក ឈ្មោះជាងកាំបិតពូថៅ Knife Axe, គណនីឈ្មោះ Sar Soty និង TikTok ឈ្មោះ @in.protouch ដែលបានផុសរូប ពីការផលិត និង ដាក់លក់ ទទួលផលិតតាមការបញ្ជាទិញកាំបិត និង ដាវជាច្រើនប្រភេទ នៅលើបណ្ដាញសង្គម។
៤.នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ បានចុះទៅដល់ទីតាំងផលិត នៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយបានឃាត់មនុស្ស ចំនួន២នាក់៖ ១.ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាមេជាង និង ២.ឈ្មោះ អិន ប្រុសតូច មុខរបរជាកូនជាង…..ព្រមទាំងដកហូតបានវត្ថុតាំងជាច្រើន….។
បើតាមសេចក្ដីបំភ្លឺ ដដែលនេះ បានបន្ដ ថា ចំពោះការផ្សាយរបស់ផេកហ្វេសប៊ុក «Peng Vannak» ដែលបានបង្ហោះ មានខ្លឹមសារ ថា ជាងកាំបិតរួចខ្លួន អស់លុយ៥៥០០ដុល្លារ យកលុយគេ ហាមគេមិនឲ្យនិយាយទៀត? យកល្អគួរយកលុយឲ្យគេវិញ អាណិតគ្នា » រួមនឹងបណ្ដាផេក ដែលបានចុះផ្សាយ មានលក្ខណៈប្រហាក់ប្រហែល ឬស្រដៀងគ្នា គឺមិនពាក់ព័ន្ធនឹងមន្រ្ដីដែលបានអនុវត្ដនៅក្នុងប្រតិបត្ដិការខាងលើនេះទេ។
ស្របគ្នានេះដែរ សាលាដំបូងខេត្តត្បូងឃ្មុំ ក៏បានចេញសេចក្ដីបំភ្លឺរបស់ខ្លួន ហើយនឹងបើកការស៊ើបអង្កេត ទៅលើពាក្យចចាមអារ៉ាម អំពីការយកលុយ៥៥០០ដុល្លារ ជាថ្នរនឹងការដោះលែងជាងកាំបិតទាំង២នេះផងដែរ។
សូមបញ្ជាក់ថា តំណាងអយ្យការ ខេត្តត្បូងឃ្មុំ បានសម្រេចដោះលែងជាងកាំបិត ជាខ្មែរអ៊ិស្លាមទាំង២នាក់ឲ្យនៅក្រៅឃុំ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធនឹងការធ្វើកាំបិតលក់។ ពួកគាត់ទាំង២នាក់ គ្រាន់តែផលិតលក់ ជាលក្ខណៈគ្រួសារតជំនាន់តែប៉ុណ្ណោះ។
ការឃាត់ខ្លួនមេជាងផលិតកាំបិត និង កូនជាងទាំង២នាក់នេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ពិសេស អ្នកនិយមលេងបណ្តាញសង្គមហ្វេស៊បុក ព្រោះតែមន្ត្រីនគរបាលយុត្តិធម៌ បានឃាត់ខ្លួនអ្នកប្រកបមុខរបរតៗគ្នា ពីជំនាន់ដើមតែប៉ុណ្ណោះ។
អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបញ្ជាក់ ថា តំណាងអយ្យការ បានសម្រេចដោះលែងជាងកាំបិតទាំង២នាក់នេះ ឲ្យនៅក្រៅឃុំ ក្រោមហេតុផលចំនួន៤ចំណុច រួមមាន៖ ១.ការផលិតរបស់ពួកគាត់ ដើម្បីលក់ដូរជាលក្ខណៈគ្រួសារបន្ដជំនាន់, ២.មិនទាន់មានព្យសនកម្មណាមួយកើតឡើង ដោយសារការលក់ដូររបស់ពួកគាត់, ៣.ធ្វើកិច្ចសន្យាអប់រំណែនាំកុំឲ្យផលិតអាវុធបែបប្រហារប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និង ៤.បន្ដនីតិវិធីស្រាវជ្រាវ៕