ខេត្តត្បូងឃ្មុំ៖ ពួកក្មេងពាលមួយក្រុម គ្រាន់តែក្រឡេកឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា នឹកស្មានតែជាគូទំនាស់របស់ខ្លួន ក៏នាំគ្នាដេញកាប់ ដើម្បីរំសាយកំហឹង តែកាប់មិនបាន ក៏ដុតបំផ្លាញម៉ូតូរបស់ជនរងគ្រោះចោល ទើបសមត្ថកិច្ច ចុះទៅស្រាវជ្រាវ ឈានដល់ការបង្ក្រាប និង ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
មន្រ្ដីនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹង ថា កាលពីវេលាម៉ោង១១ និង ១០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ មានអំពើហិង្សា និង ការធ្វើឲ្យខូចខាតដោយចេតនាមួយករណី នៅចំណុចវាលស្រែស្រំ ស្ថិតក្នុងភូមិយាកត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ករណីនេះ បានបង្កឡើង ដោយក្មេងទំនើងចំនួន៤នាក់ បានជិះម៉ូតូដេញកាប់ប្រហារទៅលើជនរងគ្រោះចំនួន២នាក់។ ប៉ុន្ដែនៅពេលនោះ ជរងគ្រោះបានផ្ដួលម៉ូតូចោល ហើយរត់គេចខ្លួន ដើម្បីសុវត្ថិភាព។ ភ្លាមៗនោះ ក្រុមក្មងទំនើង បាននាំគ្នាដុតបំផ្លាញម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យឆេះខូចខាតអស់។
ប្រភពពដដែល បានបន្ដ ថា បន្ទាប់ពីករណីបែបនេះ លោកអធិការនគរបាលស្រុកអូរាំងឪ រាយការណ៍ជូនលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ក៏ដូចជា ស្នងការរងទទួលផែនព្រហ្មទណ្ឌ។ ភ្លាមៗនោះ សមត្ថកិច្ច បានសហការគា្នបើកប្រតិបត្តិការស្រាវជ្រាវតាមជំនាញរបស់ខ្លួន រហូតកំណត់អត្តសញ្ញាណរបស់ក្រុមក្មេងទំនើង រហូតឈានទៅដល់ការឃាត់ខ្លួនជនសង័្សយ ចំនួន៤នាក់ រួមមាន៖ ១.ឈ្មោះ អឺង ភារម្យ ភេទប្រុស ជនជាតិខ្មែរ អាយុ២១ឆ្នាំ នៅភូមិអណ្តូងក្តី ឃុំជីគរ ស្រុកត្បូងឃ្មុំ, ២.ឈ្មោះ ម៉ុន ភក្តី ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំនៅភូមិយាកត្បូង ឃុំដំរិល ស្រុកអូរាំងឪ, ៣.ឈ្មោះ ឆន ប៊ុនយ៉ុង ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ឆ្នាំ នៅភូមិសំរោង ឃុំដំរិល ស្រុកអូរាំងឪ និង ៤.ឈ្មោះ ម៉ាច ម៉េង ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ នៅភូមិអណ្តូងក្តី ឃុំជីគរ ស្រុកត្បូងឃ្មុំ។
ប្រភពព័ត៌មានដដែល បានបន្ដ ថា ជនរងគ្រោះជាអ្នកឌុបជាសិស្សសាលា ហើយគេមិនដែលមានទំនាស់ជាមួយនឹងក្រុមក្មេងពាលទាំងនេឡើយ។ ប៉ុន្ដែនៅយប់ថ្ងៃកើតហេតុ មានម៉ូតូផ្សេងទៀត ស្រដៀងនឹងម៉ូតូរបស់ជនរងគ្រោះ ទើបក្រុមក្មេងពាលនាំគ្នា ដេញវាយ ដោយនឹកស្មានថា ជាម៉ូតូរបស់គូទំនាស់។ នៅក្នុងចំណោមក្មេងទំនើងទាំង៤នាក់នេះ មានម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។
ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចជំនាញ បានបញ្ជូនជនសង័្សយទាំង៤នាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរាំងឪ ដើម្បីសាកសួរ រួចហើយបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី១២ ខែកុម្ភៈ៕