រាជធានីភ្នំពេញ៖ បុរសម្នាក់កំពុងតែបើកម៉ូតូដឹកស្រ្ដីម្នាក់ នៅតាមផ្លូវ ស្រាប់តែទាក់ដៃចង្កូតជាមួយនឹងរថយន្ដ ធ្លាក់ស្រ្ដីរងគ្រោះ ទៅលើថ្នល់ ចូលក្រោមកង់រថយន្ដ កិនបែកក្បាលធ្លាយខួរចេញមកក្រៅ កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មានបុរសម្នាក់ បានជិះម៉ូតូ ម៉ាក HONDA ZOOMER X. ព៌ណខ្មៅលាយស ពាក់ស្លាកកលេខ ភ្នំពេញ1GI-0397 ដឹកស្រ្ដីម្នាក់ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ នៅក្នុងទិសដៅពីលិចទៅកើត។ លុះពេលពួកគាត់បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែជួបនឹងគ្រោះអកុសល ទាក់ដៃចង្កូតគ្នាជាមួយរថយន្តមួយគ្រឿង មិនចាំម៉ាក និង ស្លាកលេខ ធ្លាក់ស្រ្ដីរងគ្រោះ នៅលើថ្នល់ ខ្ទាតចូលក្រោមកង់រថយន្ដ កិនបែកក្បាល ធ្លាយខួរស្លាប់ភ្លាមៗមួយរំពេច។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើកបរបានបន្ថែមល្បឿន បើករថយន្តរត់គេចខ្លួនបាត់ស្រមោល។
មន្រ្ដីនគរបាលចរាចរណ៍ បានឲ្យដឹង ថា ស្រ្ដីរងគ្រោះ ឈ្មោះ ហេង សារ៉ាត់អាយុ៣០ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកគណនេយ្យ ស្នាក់នៅបុរីសូនី និង មានស្រុកកំណើតនៅភូមិស្មន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ក្រោយពេលកើតហេតុ បានចុះទៅពិនិត្យ និងឆែកកាមេរ៉ាសុវត្ថិភាព នៅទីតាំងកើតហេតុខាងលើ ដើម្បីស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណរបស់អ្នកបើកបរបង្ក និង រថយន្តរបស់គេ នាំមកចាត់ការតាមច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពនារីរងគ្រោះទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕