រាជធានីភ្នំពេញ៖ ក្រោយពេលទទួលដំណឹង អំពីស្ថានភាពជំងឺរបស់តារាកំប្លែង លោក ជួង ជី ហៅ នាយកុយ ធ្លាក់ខ្លួនឈឺ ហើយត្រូវវះកាត់ដុំសាច់ នៅក្នុងក្រពះ ហាក់វិវឌ្ឍទៅជាធ្ងន់ធ្ងរ និងកំពុងតែសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យមួយរបស់ប្រទេសនោះ ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស អ្នកនៅក្នុងវិស័យសិល្បៈ មានការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្ដែព័ត៌មានចុងក្រោយនេះ បានឲ្យដឹង ថា ស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់រូបនេះ បានធូរស្រាលបន្ដិចហើយ។
បើតាមគណនីបណ្ដាញសង្គមហ្វេសប៊ុក «សាវិន ហ្វីលីព» បានសរសេរបង្ហោះ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា៖«កូនប្រុសរបស់នាយកុយ បានប្រាប់ដល់កម្មវិធីជីវិតតារា តាមសារតេឡេក្រាម នៅព្រឹកនេះ ថា នាយកុយ បានវះកាត់យកដុំសាច់ដែលដុះក្នុងពោះវៀនធំចេញ ដោយជោគជ័យរួចហើយ។ ប៉ុន្តែពេលនេះ នាយកុយ កំពុងតែស្ថិតក្នុងបន្ទប់ ICU នៅទ្បើយដោយសារនៅមានឈាមហូរចេញ។ ពេលខ្លះនាយកុយ បានដឹងខ្លួន ហើយក៏សំងំសម្រាន្ដទៅវិញ ដើម្បីយកកម្លាំង។
ប្រភពដដែល បានបន្ដថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ Bangkok ប្រទេសថៃ នឹងជម្រាបប្រាប់ដល់ក្រុមគ្រួសាររបស់នាយកុយ នាពេលឆាប់ៗនេះ ថាតើដុំសាច់នេះ វាកាច ឬក៏ស្លូត។ ជាមួយគ្នានេះ ក្រុមអ្នកគាំទ្ររបស់នាយកុយទាំងអស់ សូមជូនពរឲ្យតារាកំប្លែងដ៏ល្បីល្បាញប្រចាំប្រទេសរូបនេះ ឆាប់ជាសះស្បើយ នឹងអាចវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញ ហើយបន្ដអាជីពសិល្បៈរបស់គាត់ទៅមុខទៀត៕