សមត្ថកិច្ច ក្របួចកជនសង័្សយ៣នាក់ ឆក់យកទូរស័ព្ទដៃរបស់អ្នកដំណើរ

12-គុម្ភះ-2025 - ម៉ោង 11:18:AM

រាជធានីភ្នំពេញ៖ ជនសង័្សយមួយក្រុម បាននាំគ្នាជិះម៉ូតូឆក់ទូរស័ព្ទរបស់អ្នកដំណើរ ហើយនាំគ្នារត់គេចខ្លួនបាត់ តែចុងក្រោយ នៅតែសមត្ថកិច្ចតាមស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធចំនួន៣នាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីចោរឆក់ទូរស័ព្ទ នៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវលេខ១២៣ ស្ថិតក្នុងភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ បន្ទាប់ពីកើតមានករណីឆក់បែបនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ នៅក្នុងផ្ទះសំណាក់ស្លឹកមាស ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯជនសង័្សយទាំងនេះ រួមមាន៖ ១.ឈ្មោះ ផេង សុក្រវិរៈ ភេទប្រុស ជនជាតិខ្មែរ, ២.ឈ្មោះ ទី សត្រារដ្ឋា ហៅ តួ ភេទប្រុស ជនជាតិខ្មែរ និង៣.ឈ្មោះ ពេជ្រ ម៉ានី ហៅ សាយ ភេទប្រុស ជនជាតិខ្មែរ។ ចំណែកវត្ថុតាងដែលបានដកហូត មានដូចជា៖ ទូរស័ព្ទដៃម៉ាកអាយហ្វូន១៥ផ្លឹស ពណ៌ខ្មៅជារបស់ជនរងគ្រោះ, សម្ភារប្រើប្រាស់សារធាតុញៀនមួយចំនួន, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KK-3203, ម៉ូតូម៉ាកហុងដាធូដេ ពណ៌ស មិនចាំស៊េរី ពាក់ស្លាក់លេខ ភ្នំពេញ 1DB-5085។

ក្រោយពេលបង្ក្រាប និង ឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំង៣នាក់ និង វត្ថុតាង ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចោទប្រកាន់តាមផ្លូវច្បាប់៕

ពត័មានពេញនិយម