អគ្គីលេបត្របាក់រោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងខណ្ឌដង្កោ

12-គុម្ភះ-2025 - ម៉ោង 11:04:AM

រាជធានីភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ច ឲ្យជួយមកបាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៦ និង ៣០នាទីព្រលប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងរោងចក្រកាត់ដេររបស់ក្រុមហ៊ុន ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី តាមផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លូងគងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីវេលាកើតហេតុ ប្រជាពលរដ្ឋរស់នៅទីនោះ បានឃើញផ្សែងហុយចេញទីតាំងរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុនហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី លាយឡំជាមួយនឹងអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង។ ឃើញបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ច។

មន្រ្ដីការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីគ្រោះអគ្គិភ័យបែបនេះភ្លាម សមត្ថកិច្ចបានបើករថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញទៅធ្វើអន្ដរាគមន៍។ រីឯអគាររោងចក្រទាំងមូល ត្រូវបានគ្របដណ្ដាប់ ដោយអណ្ដាតឆាបឆេះយ៉ាងសន្ធោសន្ធៅ។

បើទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ សមត្ថកិច្ចនៅមិនទាន់អាចវាយតម្លៃបាន អំពីទំហំខូចខាតនៅឡើយ។ ស្របគ្នានេះ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះដែរ៕

ពត័មានពេញនិយម