ដោះលែងអ្នកកាសែត ក្លាហានដោះមីនតោន ដឹកទៅប្រគល់ជូនសមត្ថកិច្ច

11-គុម្ភះ-2025 - ម៉ោង 02:09:PM

ខេត្ដឧត្ដរមានជ័យ៖ អ្នកកាសែតម្នាក់ បានប្រទះឃើញមីនតោន ចំនួនមួយគ្រាប់ នៅតាមតំបន់ព្រំដែនរបស់ប្រទេសកម្ពុជា បែរជាមានចិត្តក្លាហាន ហ៊ានដោះមីននោះ ដឹកតាមម៉ូតូជាមួយមិត្តភក្ដិម្នាក់ទៀត យកទៅប្រគល់ជូនសមត្ថកិច្ច ហើយត្រូវបាននគរបាលឃាត់ខ្លួន តែឥឡូវ សមត្ថកិច្ចបានដោះលែងគាត់វិញហើយ។

លោក ស៊ុន សុផល និពន្ធនាយកសារព័ត៌មានមាតុភូមិ បានប្រាប់ដល់កាសែតក្នុងស្រុក កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា បុគ្គលិករបស់គាត់ ឈ្មោះ ទឺ ពិទូ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្ត។ ឥឡូវលោក ទឺ ពិទូ បានទៅដល់គេហដ្ឋានរបស់គាត់វិញ បន្ទាប់ពីគាត់ត្រូវបានដោះលែង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

បើទោះជាយ៉ាងណាក៏ដោយ លោកនិពន្ធនាយកសារព័ត៌មានមាតុភូមិ នៅមិនទាន់បានបញ្ជាក់ ថា តុលាការបានទម្លាក់ចោលនូវការចោទប្រកាន់ ឬមួយគ្រាន់តែដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

សូមរម្លឹកឡើងវិញ ថា លោក ទឺ ពិទូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីគាត់បានប្រទះឃើញមីនតោនចំនួនមួយគ្រាប់ នៅតាមព្រំដែនកម្ពុជា-ថៃ ហើយបានដោះមីននោះ យកទៅប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោក ទឺ ពិទូ និង មិត្តភក្ដិរបស់គាត់ម្នាក់ទៀត ត្រូវបានតុលាការ ចោទប្រកាន់ពីបទបោះបង់អាវុធ ឬវត្ថុដទៃទៀត អាចនាំឱ្យមានគ្រោះថ្នាក់ដល់បុគ្គលនៅក្នុងទីកន្លែងសាធារណៈ ឬទីកន្លែងដែលសាធារណជន អាចចូលទៅបាន។ បើតាមបទចោទប្រកាន់នេះ អាចប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះពី៦ខែដល់៣ឆ្នាំ។

ក្រោយការដោះលែងភ្លាម លោក ទឺ ពិទូ បានថ្លែងអំណរគុណដល់អាជ្ញាធរ នៅក្នុងឃ្លីបវីដេអូមួយ ហើយបានទទួលស្គាល់ អំពីកំហុសរបស់ខ្លួន ហើយករណី ដែលគាត់ក្លាហាន ហ៊ានដោះគ្រាប់មីនតោន មិនគិតពីគ្រោះថ្នាក់ដល់ខ្លួន និង អ្នកដទៃ យកមកប្រគល់ជូនសមត្ថកិច្ច ក៏ដោយសារពេលនោះ គាត់បានស្រវឹងស្រាផងដែរ៕

ពត័មានពេញនិយម