រថយន្ដដឹកស្រូវធុនធំ២គ្រឿង បើកវ៉ាជែងគ្នាបុកដើមឈើ ក្រឡាប់ចាក់ស្រូវចោលរាប់តោន

11-គុម្ភះ-2025 - ម៉ោង 12:49:PM

ខេត្តកណ្ដាល៖ រថយន្ដធុនធំដឹកស្រូវរាប់សិបតោនចំនួន២គ្រឿង បានបើកវ៉ាជែង យកឈ្នះចាញ់គ្នា ធ្វើឲ្យរថយន្ដមួយគ្រឿង រេចង្កូតទៅបុកដើមឈើ ក្យូស និង ខ្សែភ្លើង បណ្ដាលឲ្យក្រឡាប់ចាក់ស្រូវរាប់តោនចោលពេញដី ហើយរថយន្ដមួយគ្រឿងទៀត បានបើករត់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វឯម ខេត្តកណ្ដាល។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នោះ មានរថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3B-3588 ដឹកស្រូវពេញរថយន្ដ បើកបរ ស្របទិសគ្នាជាមួយនឹងរថយន្ដធុនធំមួយគ្រឿងទៀត ដឹកស្រូវដូចគ្នា បើកបរនៅក្នុងល្បឿនលឿន។ លុះពេលរថយន្ដទាំង២គ្រឿង បានបើកមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបររថយន្ដធុនធំមួយគ្រឿងមិនចាំម៉ាក និង ស្លាកលេខនោះ បានបើកខោករថយន្ដហ៊ីយ៉ាន់ដាយ ធ្វើឲ្យរេចង្កូតទៅបុកដើមឈើបាក់អស់មួយដើម និង បុកក្យូសរបស់អ្នកភូមិ នៅក្នុងដីឡូត៍ បណ្ដាលឲ្យបាក់ខូចខាតអស់ ព្រមទាំងដាច់ខ្សែភ្លើងអស់។ ឃើញហេតុការណ៍បែបនេះ អ្នកបើករថយន្ដមួយគ្រឿងទៀត បានបន្ថែមល្បឿន គេចខ្លួនបានចម្ងាយប្រហែល៣គីឡូម៉ែត្រ ទើបឈប់រថយន្ដ ហើយបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានដកហូតរថយន្ដទាំង២គ្រឿង យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ។ ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍នេះ ចាត់ទុក ថា មហាសំណាងហើយ ព្រោះមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស៕

ពត័មានពេញនិយម