រាជធានីភ្នំពេញ៖ សមត្ថកិច្ចចម្រុះ បានសង័្សយទៅលើហាង«ចែមុំបុកល្ហុង» មានការបង្កប់សេវាកម្មផ្លូវភេទ ទើបចុះទៅបង្ក្រាប កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានទីតាំងនៅតាមផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ តាន់ វណ្ណារ៉ាក់ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអានីតិជន បានឲ្យដឹង ថា កាលពីវេលាកើតហេតុ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបទៅលើហាង«ចែមុំបុកល្ហុង» ក្រោមការសម្រួលផ្នែកច្បាប់ ពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន១១នាក់ ដោយក្នុងនោះមានក្មេងស្រីជាអានីតិជន ចំនួន៥នាក់ និង ម្ចាស់ហាងទាំង២នាក់ប្ដីប្រពន្ធ។
ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ច បាននាំខ្លួនម្ចាស់ហាងទាំង២នាក់ប្ដីប្រពន្ធ និង នារីរងគ្រោះ ចំនួន៩នាក់ផ្សេងទៀត ទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕