ប្រទេសចិន រងគ្រោះពីការរអិលបាក់ដី កប់មនុស្សជាង៣០នាក់

10-គុម្ភះ-2025 - ម៉ោង 10:30:AM

 

រដ្ឋធានីប៉េកាំង៖ បណ្ដាញផ្សព្វផ្សាយគ្រប់គ្រង ដោយរដ្ឋចិន CCTV បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង នៅខេត្តស៊ីឈួន (Sichuan) នាភាគនិរតី នៃប្រទេសចិន កាលពីថ្ងៃសៅរ៍ ហើយគ្រោះធម្មជាតិមួយនេះ បានបង្កឲ្យមានការរអិលបាក់ដី កប់មនុស្សជាង៣០នាក់។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ថា ប្រទេសចិន បានរងគ្រោះ ដោយសារតែអាកាសធាតុអាក្រក់ខ្លាំង នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ហើយមានមនុស្សរាប់សិបនាក់ បានស្លាប់ ដោយសារគ្រោះទឹកជំនន់ កាលពីឆ្នាំ២០២៥។ រីឯគ្រោះរអិលបាក់ដីនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង ៥០នាទីព្រឹក ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ វេលាក្នុងតំបន់ នៅក្នុងទីក្រុងយីប៊ីន (Yibin) ខេត្តស៊ីឈួន ហើយមានមនុស្សចំនួន២៩នាក់ កំពុងតែបាត់ខ្លួន។

ជាមួយគ្នានេះដែរ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានចេញនូវបទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាត់វិធានការគ្រប់បែបយ៉ាងតាមអ្វីដែលអាចធ្វើបាន ដើម្បីស្រាវជ្រាវ និង សង្គ្រោះដល់អ្នកដែលកំពុងតែបាត់ខ្លួន ដើម្បីកាត់បន្ថយនូវចំនួនមនុស្សគ្រោះថ្នាក់ឲ្យនៅកម្រិតទាបបំផុត។

ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ ថា ការប្រែប្រួលអាកាសធាតុ កំពុងតែបង្កើតឲ្យមានព្រឹត្ដិការណ៍អាកាសធាតុដ៏អាក្រក់ តែងតែកើតមានឡើង ជាញឹកញាប់ នៅលើភពផែនដីនេះ៕

ពត័មានពេញនិយម