ខ្មោចក្រពើជិត២០ក្បាល អណ្ដែតពេញទឹកស្ទឹងសង្កែ បង្កការភ័យខ្លាចដល់អ្នកស្រុក

ម្សិលមិញ ម៉ោង 11:05:AM

អាចជារូបភាពនៃ ក្រពើ

ខេត្តបាត់ដំបង៖ ខ្មោចក្រពើជិត២០ក្បាល ត្រូវបានជនមិនស្គាល់អត្ដសញ្ញាណ យកទៅបោះចោល នៅក្នុងទឹកស្ទឹងសង្កែ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ទើបរាយការណ៍ទៅអាជ្ញាធរ និង សមត្ថកិច្ច កាលពីវេលាម៉ោង៨ និង ៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានឲ្យដឹង ថា កាលពីវេលាកើតហេតុ សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ អំពីការប្រទះឃើញក្រពើជាច្រើនក្បាល នៅក្នុងទឹកស្ទឹងសង្កែ។ បន្ទាប់ពីទទួលបានព័ត៌មានបែបនេះ សមត្ថកិច្ចបានចុះទៅពិនិត្យមើល ទើបដឹង ថា ក្រពើទាំងនេះមិនមែនជាក្រពើធម្មជាតិ រស់នៅក្នុងស្ទឹងសង្កែនេះឡើយ។ ប៉ុន្ដែខ្មោចក្រពើទាំងនេះ ត្រូវបានជនមិនស្គាល់មុខដឹកតាមរទេះ យកមកទម្លាក់ចោល នៅក្នុងស្ទឹងនេះ។

ស្របគ្នានេះដែរ លោកអធិការនគរបាលស្រុកឯកភ្នំ ក៏បានទទួលបានបទបញ្ជា ដើម្បីស្រាវជ្រាវ ស្វែងរកអ្នកយកក្រពើមកបោះចោល ដើម្បីអនុវត្តតាមផ្លូវច្បាប់ ព្រោះនៅតំបន់ខាងលើផ្សារប្រហុក មានទីតាំងចិញ្ចឹមក្រពើជាច្រើនកន្លែង។ ប៉ុន្ដែភ្លាមៗនេះ សមត្ថកិច្ចនៅមិនទាន់ដឹង ថា តើទីតាំងណាមួយ បានប្រព្រឹត្តទង្វើបែបនេះ។អាចជារូបភាពនៃ ក្រពើ

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹង ថា បើតាមការសាកសួរពីប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បានអះអាង ថា កាលពីវេលាម៉ោងប្រហែល៧ទៅ៨យប់ ថ្ងៃទី១៧ ខែមករា មានជនមិនស្គាល់មុខមួយក្រុម បានដឹកខ្មោចក្រពើតាមរទេះ ចន្លោះពី១៨ទៅ១៩ក្បាល យកមកទម្លាក់ចោលក្នុងស្ទឹង។ ប៉ុន្តែខ្មោចក្រពើមួយចំនួន បានអណ្ដែតទៅបែកខាងក្រោមខ្សែទឹកអស់ទៅហើយ នៅសល់តែមួយចំនួនទៀត បានអណ្ដែតទឹកហើមស្អុយ នៅក្នុងកន្លែងកើតហេតុ ហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលបែបនេះតែម្ដង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២០មករា បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវស្វែងរកមុខសញ្ញាទាំងនោះ ដើម្បីនាំមកអប់រំ និង ផាកពិន័យទៅតាមផ្លូវច្បាប់ សម្រាប់ទុកជាជាការព្រមានដល់អ្នកផ្សេងៗទៀត កុំឲ្យប្រព្រឹត្ដទង្វើបែបនេះបន្ដទៀត។អាចជារូបភាពនៃ ក្រពើ

ក្រោយការពិនិត្យរួច លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល បានដាក់កម្លាំងឲ្យទៅកាប់រណ្ដៅ នៅខាងមុខវត្តក្តាំងងា នៅតាមមាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិខ្វិត ឃុំព្រែកពក ដើម្បីកប់ខ្មោចក្រពើទាំងនេះ ដោយក្រពើចំនួន៩ក្បាល មានសភាពហើមស្អុយ។ ខ្មោចក្រពើទាំងនេះ មានប្រវែង ចាប់ពី ១,៥០ដល់ ១,៧០ ម៉ែត្រ។

ជាមួយគ្នានេះ សមត្ថកិច្ចបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវអប់រំដល់ម្ចាស់កសិដ្ឋាន ត្រូវតែកប់ ឬដុតចោល ប្រសិនបើក្រពើរបស់ពួកគេងាប់ ហើយមិនត្រូវយកមកបោះចោលពាសវាលពាសកាល នៅតាមទីសាធារណៈ ឬ នៅក្នុងទឹកស្ទឹងសង្កែបែបនេះឡើយ៕

ពត័មានពេញនិយម