កម្មករសំណង់២ក្រុម ផឹកស៊ីស្រវឹង ទាញកៅអីកែវស្រាហោះពេញអាកាស

23 ម៉ោងមុន

ខេត្តព្រះសីហនុ៖ កម្មករសំណង់ចំនួន២ក្រុម ធ្វើការងារនៅក្នុងការដ្ឋានជាមួយគ្នា បានផឹកស៊ីស្រវឹង រាំរ៉ែកកាច់កុងដាក់គ្នាចុះឡើង ធ្វើឲ្យផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ទាញកៅអី និង កែវស្រា គប់គ្នាទៅវិញទៅមក ហោះហើរពេញអាកាស បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍ទៅសមត្ថកិច្ចចុះទៅសួរសុខទុក្ខ កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានមួយកន្លែង តាមផ្លូវប៉ូឡូវ៉ៃ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលមានអំពើហិង្សានោះ មានកម្មករចំនួន២ក្រុម ទើបនឹងបើកលុយថ្មីៗ ហើយពួកគេបានអង្គុយស៊ីផឹក នៅជិតគ្នា។ លុះពេលពួកគេស្រវឹងរៀងៗខ្លួន ក៏រាំឌឺដាក់គ្នាចុះឡើង បង្កឲ្យផ្ទុះអំពើហិង្សា ទាញកៅអី និង កែវស្រា គប់គ្នាទៅវិញទៅមក ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រាយការណ៍ទៅសមត្ថកិច្ច។

មន្រ្ដីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹង ថា ក្រោយពេលទទួលបានសេចក្ដីរាយកាណ៍បែបនេះភ្លាម លោកឧត្តមសេនីយ៍ ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌនកម្រិតធ្ងន់ បានដឹកនាំកម្លាំងជំនាញរបស់ខ្លួន បានសហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលខេត្តក្រុងព្រះសីហនុ ចុះទៅស្រាវជ្រាវ និង ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន៩នាក់។

ក្រោយពេលឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំង៩នាក់ ទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម